(ភ្នំពេញ)៖​ បន្ទាប់ពីបញ្ចប់បេសកកម្មក្នុងការប្រកួតកីឡាប៉េតង់ នៃព្រឹត្តិការណ៍ Trophee L’Equipe នៅប្រទេសបារាំង ប្រកបដោយភាពជោគជ័យ ជាមួយនឹងការដណ្ដើមបានមេដាយមាស ៣ និងប្រាក់ ២ ធ្វើឲ្យកម្ពុជា ឈរកំពូលតារាងមេដាយក្នុងចំណោមប្រទេសចូលរួម ក្រុមកីឡាប៉េតង់កម្ពុជា នឹងធ្វើដំណើរមាតុភូមិនិវត្តន៍ មកដល់រាជធានីភ្នំពេញ នាម៉ោង ៩ព្រឹកនេះ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ។

សម្រាប់បេសកកម្មនេះ ក្រុមកីឡាប៉េតង់កម្ពុជា បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង ពិសេសគឺរាល់ពេលជួបម្ចាស់ផ្ទះបារាំង កម្ពុជាតែងតែទម្លាក់ ដើម្បីឡើងវគ្គបន្ដ។ ជារួមព្រឹត្តិការណ៍នេះ កម្ពុជា បានបញ្ជូនអត្តពលិក ៦នាក់ទៅចូលរួម គឺប្រុស ៣នាក់​ និងស្រី ៣នាក់ ដើម្បីប្រកួតលើ ៦វិញ្ញាសា ខណៈក្នុងនោះមាន ៥វិញ្ញាសា ដែលក្រុមកីឡាករ-កីឡាការិនីកម្ពុជា បានឡើងវគ្គផ្ដាច់ព្រ័ត្រ ហើយដណ្ដើមបានមេដាយមាស ៣គ្រឿងទៀតផង។

ចំពោះផ្នែកកីឡាការិនីរបស់កម្ពុជា រួមមានលោកស្រី កែ ឡេង, អ៊ុក ស្រីមុំ និង អ៊ុន ស្រីយ៉ា គឺបានឡើងវគ្គផ្ដាច់ព្រ័ត្រ ៣វិញ្ញាសា​ ហើយប្រមូលយកមេដាយមាសទាំង ៣វិញ្ញាសាតែម្ដង ទាំងឯកត្តជន វាយគូនារី និងវាយ ៣នាក់ទល់នឹង ៣នាក់។ រីឯផ្នែកបុរស បានឡើងវគ្គផ្ដាច់ព្រ័ត្រ ២វិញ្ញាសា គឺវិញ្ញាសាឯកត្តជន និងវាយ ៣នាក់ទល់នឹង ៣នាក់ តែបានចាញ់ក្នុងវគ្គដ៏សំខាន់នេះ ទទួលបានត្រឹមមេដាយប្រាក់ ២គ្រឿង រួមមានកីឡាករ សុខ ចាន់មាន, ញ៉ែម បូរ៉ា និងកីឡាករ យ៉ា ចាន់ដារិទ្ធ។ សរុបកម្ពុជាឈ្នះមេដាយមាស ៣ និង ប្រាក់ ២ ធ្វើឲ្យកម្ពុជា ទទួលបានពានចំណាត់ថ្នាក់លេខ១ តែម្ដង។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ Trophee L’Equipe គឺជាព្រឹត្តិការណ៍កម្រិតពិភពលោក ដោយសារម្ចាស់ផ្ទះបារាំង អញ្ជើញតែកីឡាករ-កីឡាការិនីប្រទេសប្រចាំតំបន់នីមួយៗ ដែលធ្លាប់ដណ្ដើមបានមេដាយមាសពិភពលោកចូលរួមនោះប៉ុណ្ណោះ តួយ៉ាងសម្រាប់តំបន់អាស៊ី បារាំងផ្ដល់សិទ្ធិឲ្យតែ ២ប្រទេសប៉ុណ្ណោះ គឺកម្ពុជា និងថៃ។ មិនតែប៉ុណ្ណោះ តាមរយៈការរៀបចំពានកម្រិតខ្ពស់នេះដែរ សហព័ន្ធកីឡាប៊ូលអន្ដរជាតិនេះ​ បារាំង ក៏បានរៀបចំនូវប្រាក់រង្វាន់លើកទឹកចិត្ត ដល់អ្នកដណ្ដើមបានជយលាភីទៀតផង ដែលនេះគឺជាលើកដំបូងហើយ ដែលក្រុមកីឡាប៉េតង់កម្ពុជា បានចូលរួមប្រកួតលើឆាកអន្ដរជាតិ ហើយទទួលបានរង្វាន់លើកទឹកចិត្តពីម្ចាស់ផ្ទះដូច្នេះ៕