(ភ្នំពេញ)៖ ក្រុមបាល់ទាត់បឹងកេតអែហ្វស៊ី នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិ ទទួលក្រុមភ្នំពេញក្រោន នាវេលាម៉ោង ៦ល្ងាចថ្ងៃទី៣០ ខែកញ្ញាស្អែកនេះ ក្នុងជំនួបបញ្ចប់លីគកំពូលកម្ពុជា ឆ្នាំ២០១៨។

មុនឈានដល់ការប្រកួតដ៏សំខាន់ខាងលើ ក្រុមជើងឯក ៣សម័យកាលបឹងកេត បានទម្លាយនូវប្រវត្តិដ៏អស្ចារ្យរបស់ខ្លួន សម្រាប់ការបង្ហាញវត្តមានក្នុងលីគចំនួន ១៥០ប្រកួត(២០១២-២០១៨) ធ្លាប់ទទួលជ័យជម្នះដល់ទៅ ១០៨ដង ស្មើ ១៩ដង និងចាញ់ ២៣ដង។ ជាមួយគ្នា បឹងកេត បានស៊ុតបំប៉ោងសំណាញ់ទីគូប្រជែងសរុប ៤១៩គ្រាប់ឯណោះ ខណៈរបូតគ្រាប់បាល់ត្រឹម ១៧៦គ្រាប់ប៉ុណ្ណោះ។

ក្រឡេកមកចាប់អារម្មណ៍ប្រកួតទី ១៥១ ជាមួយក្រុមភ្នំពេញក្រោននាចុងសប្ដាហ៍នេះវិញ វាគឺជាការប្រកួតដ៏សំខាន់ ទោះបីបឹងកេត បានទទួលបានតំណែងជើងឯករងដោយស្វ័យប្រវត្តិមុនការប្រកួតក៏ដោយ។ បឹងកេត និងភ្នំពេញក្រោន គឺជាសត្រូវចាស់នឹងគ្នា ហើយក៏ជាក្រុមមានអ្នកគាំទ្រផ្ទាល់ច្រើនជាងគេផងដែរ ហើយរាល់ពេលក្រុមទាំងពីរជួបគ្នា គឺមានអ្នកគាំទ្រមិនតិចនោះទេ ចូលរួមទស្សនាផ្ទាល់ ដូច្នេះក្រុមទាំងពីរ ក៏ត្រូវការឈ្នះរៀងៗខ្លួន ដើម្បីបំពេញបំណងអ្នកគាំទ្រខ្លួនផងដែរ។

គួរបញ្ជាក់ថា លីគកំពូលកម្ពុជា នឹងបញ្ចប់ជាស្ថាពរនាចុងសប្ដាហ៍នេះហើយ ប៉ុន្ដែមុនឈានដល់ការប្រកួតសប្ដាហ៍ចុងក្រោយ សម្រាប់ក្រុមជ័យលាភី ៣ក្រុមគេបានរកឃើញរួចទៅហើយ ដោយមិនខ្វល់ពីលទ្ធផលប្រកួតចុងក្រោយឡើយ រួមមានក្រុមណាហ្គាវើល គ្រងជើងឯកក្រោយរកបាន ៥៣ពិន្ទុ ខណៈបឹងកេត បានត្រឹមជើងឯករងមាន ៤៩ពិន្ទុ និងក្រុមចំណូលថ្មីវិសាខា ទទួលបានចំណាត់ថ្នាក់លេខ៣ ក្រោយរកបាន ៤៥ពិន្ទុ បើគិតត្រឹមការប្រកួតសន្សំពិន្ទុ សប្ដាហ៍ទី២១ កន្លងទៅ៕