(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើល ក៏ដូចជាមានការចែកចាយពេញបណ្ដាញសង្គមហ្វេសប៊ុក ក្រោយពីតារាសម្តែង​ និងជាពិធីករ​ លោក​ អ៊ឹម​ ជីវ៉ា​ បានបង្ហោះសារថា​ លោកស្រី ថុង ស៊ីវទៀង ដែលជាអគ្គនាយិការផលិតកម្មចក្រវាឡពេជ្រភាពយន្ត ស្ទើរតែបាត់បង់អាយុជីវិត ដោយសារតែការវះកាត់ជំងឺគ្រួសក្នុងតម្រង់នោមរបស់លោកស្រី ខុសបច្ចេកទេស​ រហូតដល់បែកប្រមាត់ធ្លាយពេញពោះ ពីគ្រូពេទ្យមួយក្រុម​នៅឯមន្ទីពេទ្យឯកជនមួយកន្លែង ស្ថិតនៅផ្លូវកម្ពុជាក្រោម។ យ៉ាងណាមិញ ពេលនេះផងដែរ អាការៈជំងឺរបស់លោកស្រីក៏បានជួយសង្គ្រោះទាន់ពេលវេលា ក្រោយពីបានបញ្ជូនទៅកាន់មន្ទីរពេទ្យប្រទេសថៃ។

លោក​ អ៊ឹម ជីវ៉ា​ បានសរសេរសារបញ្ជាក់យ៉ាងដូច្នេះថា​​ «ថ្ងៃនេះ លោកឧកញ៉ា ឃ្លោក និង ខ្ញុំបាទ អ៊ឹម ជីវ៉ា បានចុះមកសួសុខទុក្ខ លោកស្រី ថុង ស៊ីវទៀង ដែលជាអគ្គនាយិការផលិតកម្មចក្រវាឡពេជ្រភាពយន្ត និងជាក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរ នៅគេហដ្ឋានលោកស្រី ក្នុងបុរីវិមានភ្នំពេញ​ ដោយលោកស្រីបានឲ្យក្រុមគ្រួពេទ្យវះកាត់គ្រួសក្នុងប្រមាត់ តែក្រុមគ្រូពេទ្យវះកាត់ខុសបច្ចេកទេស ​រហូតដល់បែកប្រមាត់ធ្លាយពេញពោះចេញមកក្រៅ រហូតក្រុមគ្រូពេទ្យមានការស្លន់ស្លោដោយប្រាប់លោកស្រីថា បើមិនទៅពេទ្យថៃយប់នេះទេ​ លោកស្រីមិនរស់ឡើយ លោកស្រីលឺបែបនេះ​ក៏ឲ្យក្រុមគ្រួសារបញ្ជូនទៅថៃភ្លាមទាំងយប់ ពេលទៅដល់ថៃ ក្រុមពេទ្យថៃបានជួយសង្រ្គោះទាន់ពេលវេលា​ ដោយបន្ទោសថា ហេតុអ្វី​វះទុករហូតដល់ឆ្លងមេរោគបែបនេះ បន្ទាប់ពីសម្រាកនៅថៃអស់រយៈពីរខែ លោកស្រីក៏វិលស្រឡប់មកភ្នំពេញវិញ»

ក្រោយឆ្លងផុតពីការជួយសង្គ្រោះ ពីសំណាក់ក្រុមគ្រូពេទ្យ នៅប្រទេសថៃរួចមក ជំងឺរបស់លោកស្រី ហាក់មិនទាន់ធូរស្បើយខ្លាំងនៅឡើយទេ ដោយលោក​ អ៊ឹម ជីវ៉ា​ បានបន្តទៀតថា​ «ចំពោះស្ថានភាពជំងឺ លោកស្រីនៅពេលនេះ លោកស្រីមិនទាន់ ជាសះស្បើយស្រួលបួលវិញ នៅឡើយទេ គឺជាបានត្រឹម៦០ភាគរយ ប៉ុណ្ណោះ តែនៅតាមដានបន្តទៀត​ ដោយលោកស្រី នឹងវិលទៅព្យាបាល នៅថៃបន្តទៀត នៅពីរសប្ដាហ៍ក្រោយ»