(ភ្នំពេញ)៖ ការប្រកួតនៅទី២២ ជាសប្តាហ៍ចុងក្រោយនៃព្រឹត្តិការណ៍លីគកំពូលកម្ពុជា ឆ្នាំ២០១៨ ខណៈក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង និងប៉ះក្រុម ចំណូលថ្មីវិសាខា នៅកីឡដ្ឋានខេត្តស្វាយរៀង នៅថ្ងៃអាទិត្យ ទី៣០ ខែកញ្ញា នាម៉ោង ១៨៖០០នាទីល្ងាច។

ស្វាយរៀង កាលពីសប្តាហទី២១ កន្លងទៅ បានយកឈ្នះក្រសួងការពារជាតិ នៅក្នុងលទ្ធផល ១-០ ក្នុងទឹកដីនៃមជ្ឈមណ្ឌលហ្វឹកហ្វឹនកីឡា (ស្តាតចាស់) កាលពីថ្ងៃសៅរ៍ ទី២២ ខែកញ្ញា ហើយឆ្លងកាត់២១ប្រកួត ស្វាយរៀង ឈ្នះ៩ដង ស្មើ៣ដង និងចាញ់៩ដង។

រីឯក្រុមចំណូលថ្មីវិសាខាវិញ កាលពីសប្តាហ៍ទី២១ បានចាញ់ណាហ្គាវើល ២-១ ក្នុងទឹកដីកីឡដ្ឋានស្តាតចាស់ កាលពីថ្ងៃអាទិត្យ ទី២៣ ខែកញ្ញា ឆ្លងកាត់២១ប្រកួតដូចគ្នា វិសាខា ឈ្នះ១៤ដង ស្មើ៣ដង និងចាញ់៤ដង។ លោក ហុក សុជីវ័ន គ្រូបង្គោលក្លឹបបាល់ទាត់វិសាខា និយាយថា អាចនឹកផ្ដល់ឱកាសដល់កីឡាករក្នុងស្រុកមួយចំនួន បង្ហាញវត្តមានលើទីលានក្នុងជំនួបព្រះខ័នរាជស្វាយរៀង នាថ្ងៃអាទិត្យ ទី៣០ ខែកញ្ញាខាងមុខ។ អ្វីដែលសំខាន់ផងនោះ វិសាខា នឹងធ្វើដំណើរទៅកាន់ទឹកដីខេត្តស្វាយរៀង សម្រាប់ជំនួបចុងក្រោយលីគកំពូល។

សូមបញ្ជក់ថា ការប្រកួតប្រចាំសប្តាហ៍ទី២២ និងជាជំនួបចុងក្រោយរវាងព្រះខ័នរាជស្វាយរៀង ដែលឈរនៅចំណាត់ថ្នាក់លេខ៦ មាន៣០ពិន្ទុ និងត្រូវប៉ះវិសាខា ដែលឈរនៅចំណាត់ថ្នាក់លេខ៣ និងមាន៤៥ពិន្ទុ ខណៈណាហ្គាវើល បានក្រសោបយកជើងឯកប្រចាំរដូវកាលឆ្នាំ២០១៨ រួចរាល់ហើយ ទោះនៅសល់១ប្រកួតក្ដី៕