(ភ្នំពេញ)៖ ថ្មីៗនេះ​ទស្សនិកជន មានការចាប់អារម្មណ៍​យ៉ាងខ្លាំង ដោយសារតែ​កញ្ញា​ឯកផែនដីកម្ពុជា ឆ្នាំ២០១៨ កញ្ញា កែវ សេង​លីហួរ បានគ្រងនូវឈុតសម្លៀកបំពាក់ ដែល​ច្នៃចេញពីវត្ថុធាតុដើម ក្នុងស្រុក ដែលមានដូចជាសំពត់សូត្រ ផាមួង រួមជាមួយនឹងការរចនា ធ្វើដោយ​ខ្មុក ​ត្រូវបានរចនាឡើងដោយ Madam Botiques Amy ក្រោមប្រធានបទ «មាតាធម្មជាតិ»។ អ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺតាមរយៈរូបភាព ដែលផេក «Miss Earth Cambodia» បានបង្ហោះជាច្រើនសន្លឹករបស់ កញ្ញា កែវ សែង​លីហួរ ក្នុងឈុតច្នៃប្រឌិត យ៉ាងអស្ចារ្យនេះ បានបង្កការចាប់អារម្មណ៍ ពេញបណ្ដាញសង្គមហ្វេសប៊ុក ហើយមិនថា​ តែបងប្អូនខ្មែរនោះទេ ពោលគឺមានការចាប់អារម្មណ៍ ជាលក្ខណៈអន្តរជាតិទៀតផង។

មួយនឹងការបង្ហាញ នូវរូបថតជាច្រើនសន្លឹកក្នុងផេក «Miss Earth Cambodia» បានសរសេរថា «​យើងខ្ញុំមានក្តីសោមនស្ស មោទនភាព រួមជាមួយនឹងភាព រំភើបជាអនេក ក្នុងការបង្ហាញជូននូវ ឈុតសម្លៀកបំពាក់ប្រពៃណីជាតិ របស់កញ្ញាឯកផែនដីកម្ពុជា ២០១៨ កែវ សេងលីហួរ​។ ដែលទម្រង់បែបបទ នៃការរចនាសម្លៀកបំពាក់ ប្រពៃណីជាតិ ដ៏ប្រណិតនេះ ត្រូវបានរចនាឡើងដោយ Madam Botiques Amy ក្រោមប្រធានបទ «តាធម្មជាតិ»។ ការរចនាត្រូវបានគ្របដណ្តប់នូវអត្ថន័យ ដ៏ជ្រាលជ្រៅ ដែលផ្តោតសំខាន់ទៅលើ និមិត្តរូបនៃក្តីសង្ឃឹម និង​ការគោរពរបស់មនុស្សទូទាំងសកល»

ផេក «MissEarthCambodia» បានសរសេរបន្ថែមថា «​ឈុតសម្លៀកបំពាក់ ដ៏ល្អប្រណិតនេះ ត្រូវបានបំផុសគំនិត ដកស្រង់ចេញពី ទម្រង់នៃរូបចម្លាក់ ដែលត្រូវបានចារ លើផ្ទាំងសិលា នៃប្រសាទដ៏ល្បីល្បាញ របស់ព្រះរាជាណាចក្រកម្ពុជា។ រួមបញ្ជូលជាមួយនឹង ទ្រង់ទ្រាយក្បូរក្បាច់ ដ៏ល្អអនេកនៃដើមឈើ ដែលត្រូវបានចារឆ្លាក់ លើប្រាសាទអង្គរវត្ត ក៏ដូចជាទម្រង់នៃការរចនាតាំងពី ក្រោយសម័យអង្គរ សតវត្សន៍ទី​១៥ បួករួមជាមួយគំនិតច្នៃប្រឌិត សហស្សសម័យ នៃស្នាដៃកូនខ្មែរ នាពេលបច្ចុប្បន្ននេះ បង្កើតចេញជាឈុត «មាតាធម្មជាតិ» នេះឡើង»

ផេក «MissEarthCambodia» បានបន្ដទៀតថា «បែបផែននៃការរចនា ត្រូវបានប្រើប្រាស់នូវគំនិត កែច្នៃចេញពីវត្ថុធាតុដើមក្នុងស្រុក ដែលមានដូចជាសំពត់សូត្រ ផាមួង រួមជាមួយនិងការរចនាធ្វើដោយ ខ្មុក ដែលជាស្នាដៃរចនារបស់កូនខ្មែរយើង ដែលមានជំនាញច្បាស់លាស់»

គួរបញ្ជាក់ថា ឈុតតំណាងជាតិកម្ពុជា មានឈ្មោះថា «មាតាធម្មជាតិ» គឺត្រូវគ្រងដោយ កញ្ញា កែវ សេងលីហួរ ដែលជាបវរកញ្ញា ផែនដីកម្ពុជា ឆ្នាំ២០១៨ (Miss Earth Cambodia 2018) ដែលនឹងត្រូវធ្វើជា តំណាងប្រទេសកម្ពុជា ទៅចូលរួមក្នុងការប្រកួតប្រជែង បវរកញ្ញាផែនដីឆ្នាំ២០១៨ (Miss Earth) នៅប្រទេសហ្វីលីពីន នាចុងឆ្នាំនេះ ផងដែរ៕