(ភ្នំពេញ)៖ លោក Cassey Barnet អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា បានចំណាយថវិកាផ្ទាល់ខ្លួនប្រមាណ ១ម៉ឺនដុល្លារ ដើម្បីទិញសម្ភារៈហ្វឹកហាត់ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅកន្លែងហ្វឹកហាត់ក្នុងអាគារសាលដំបូលទូក នៃពហុកីឡដ្ឋានជាតិ ដើម្បីជំរុញការហ្វឹកហាត់ឲ្យកាន់តែល្អប្រសើរ និងមានផាសុខភាពល្អ។

ម្ចាស់វិទ្យាស្ថាន Cam Ed Business School ខាងលើបានថ្លែងក្នុងពិធីប្រគល់សម្ភារៈដល់កីឡាករ-កីឡាការិនីចំបាប់ កាលពីល្ងាចមិញថា សម្ភារៈលោកផ្ដល់ជូនពេលនេះ គឺសុទ្ធតែជាឧបករណ៍ហ្វឹកហាត់បង្កើនកម្លាំង និងសាច់ដុំ ព្រោះកីឡាចំបាប់ត្រូវការកម្លាំងខ្លាំង ដូច្នេះក៏ទាមទារសម្ភារៈហ្វឹកហាត់ធ្វើឲ្យមានកម្លាំងខ្លាំងផងដែរ ដូចជា ឧបករណ៍លើកទម្ងន់ជាដើម ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ត្រៀមចូលរួមការប្រកួតនានា។

លើសពីនេះ លោកបានចំណាយថវិកាមួយចំនួន ដើម្បីជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងអាគារហ្វឹកហាត់ របស់ខ្លួន ក៏ដូចជាកន្លែងស្នាក់នៅ កន្លែងទទួលទានអាហារ និងកន្លែងផ្ទះបាយជាដើម ដើម្បីធ្វើឲ្យកីឡាករ-កីឡាការិនី ពិសេសថ្នាលដែលហ្វឹកហាត់ និងស្នាក់នៅទីនោះឲ្យមានភាពងាយស្រួល មានផាសុខភាពល្អ និងមានសុខភាពល្អក្នុងការហ្វឹកហាត់ និងពង្រឹងសមត្ថភាព ដើម្បីត្រៀមឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

ទន្ទឹមជាមួយគ្នា លោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជាបានបញ្ជាក់ថា ចំពោះការឧបត្ថម្ភរបស់អនុប្រធានសហព័ន្ធខាងលើ គឺមានតម្លៃប្រមាណ ១ម៉ឺនដុល្លារ ប៉ុន្ដែនេះមិនមែនជាលើកទី១ ដែលលោកបានឧបត្ថម្ភដល់គ្រួសារកីឡាចំបាប់កម្ពុជានោះទេ ពោលគឺរយៈពេលជាង ១០ឆ្នាំមកហើយ ដែលលោក Cassey Barnet តែងតែចំណាយទាំងពេលវេលា និងថវិកាជួយដល់ការអភិវឌ្ឍន៍វិស័យកីឡាចំបាប់ ហើយបើគិតជាសាច់ប្រាក់ គឺមិនក្រោមជាង ២០ម៉ឺនដុល្លារឡើយ។ មិនតែប៉ុណ្ណោះ លោកក៏បានសន្យា នឹងបន្ដជួយដល់កីឡាចំបាប់កម្ពុជាជារៀងរហូតទៀតផង៕