(ភ្នំពេញ)៖ ពិតជាគួរឲ្យអាណិតអាសូរជាខ្លាំង ខណៈឃើញរូបរាងកាយរបស់វីរៈសិល្បៈ​ អ្នកគ្រូ គង់ ណារី ដែលធ្លាប់តែស្រស់បស់ សាច់ថ្លាប្រែមកជាស្រគត់ស្រគំ ស្គមស្គាំង ខុសប្លែកពីមុនដាច់តែម្តង ដោយសារប្រឈមនឹងជំងឺដ៏ធ្ងន់ធ្ងរ។ អ្នកគ្រូ គង់ ណារី ដែលត្រូវបានគេដឹងថា គឺជាសាស្ត្រាចារ្យ អក្សរសាស្ត្រខ្មែរប្រចាំនៅវិទ្យាល័យវត្តកោះ កំពុងធ្លាក់ក្នុងជំងឺប្រភេទកាចសាហាវជាយូរមកហើយ ដោយនៅមិនទាន់ធូរស្រាលទេ ខណៈដំណឹងមួយនេះ ប្រៀបបានដឹងការជូនដំណឹង​ ដល់អ្នកសិល្បៈថ្មីចាស់ទាំងអស់ ដែលបានស្គាល់អ្នកគ្រូ ឲ្យដឹងពីស្ថានភាពអ្នកគ្រូពេលនេះ។

ពាក់ព័ន្ធនឹងការធ្លាប់ខ្លួនឈឺពីសំណាក់ អ្នកគ្រូ គង់ ណារី ពេលនេះ ត្រូវបានប្រភពច្បាស់ការណ៍អះអាងថា អ្នកគ្រូ បានធ្លាក់ខ្លួនឈឺជាយូរមកហើយ ដោយក្នុងមួយរយៈដែលឈឺធ្ងន់ គឺបានត្រឹមតែសំងំព្យាបាល នៅស្រុកកំណើតស្ថិតនៅខេត្តកំពង់ឆ្នាំង។  តាមបណ្តាញសង្គមរបស់លោក ឌួង តារា ផាឌីន កាលពីពេលថ្មីនេះ បង្ហាញពីសភាពរបស់ អ្នកគ្រូ គង់ ណារី មានភាពស្គមស្គាំង​ និងបានសរសេរសារយ៉ាងដូច្នេះថា «អ្នកគ្រូសិល្បៈ គង់ណារី គឺជា វិរៈសិល្បការិនី និងជា​សាស្រ្តាចារ្យ អក្សរសាស្រ្តខ្មែ និងសិល្បៈ​ពេលនេះអ្នកគ្រូកំពុងមានជំងឺធ្ងន់ធ្ងរ (​ក្រិនថ្លើម និង​ដុំសាច់កាច) ដូច្នេះរាល់បងប្អូនសិល្បករ-សិល្បការិនី ទាំងចាស់ ទាំងថ្មី ដែលធ្លាប់គោរពស្រឡាញ់ចំពោះអ្នកគ្រូ សូមទទួលជ្រាបដឹងឮ ទាំងអស់គ្នា​ជាព័ត៌មាន»

ពេលបានដឹងនូវដំណឹងនេះហើយ ក៏មានការសោកស្តាយ និងអាណិតអ្នកគ្រូយ៉ាងខ្លាំង ខណៈគ្មានលទ្ធភាពក្នុងការព្យាបាលជំងឺ ដោយក្រុមគ្រូពេទ្យអះអាងថា ដុះដុំសាច់កាចរបស់អ្នកគ្រូ ត្រូវតែធ្វើការវះកាត់ និងព្យាបាលដោយម៉ត់ចត់បំផុត៕