(ភ្នំពេញ)៖ ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសជ្រើសរើសជើងឯកឆ្នាំ២០១៨ បានបញ្ចប់ហើយ ក្រោយដំណើរការប្រកួតអស់រយៈពេល ៨ថ្ងៃ ខណៈក្រុមកីឡាអាស៊ីអឺរ៉ុប ទទួលបានចំណាត់ថ្នាក់លេខ១ ក្រោយដណ្ដើមបានមេដាយច្រើនជាងគេ រួមមានមេដាយមាស១៦, ប្រាក់៦ និងសំរឹទ្ធ៣ សរុប២៥គ្រឿង។

ពិធីបិទការប្រកួតបានធ្វើឡើងនៅវិមានពហុកីឡដ្ឋានជាតិកាលពីល្ងាចថ្ងៃទី២៧ ខែកញ្ញា ក្រោមវត្តមានលោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា រួមទាំងតំណាងគ្រឹះស្ថានអប់រំ និងកីឡាករ-កីឡាការិនីទូទាំងប្រទេសជាច្រើនទៀត។ ការប្រកួតនេះបានចាប់ផ្ដើមពីថ្ងៃទី២០ ខែកញ្ញាមកម្ល៉េះដោយមានកីឡា ៦ប្រភេទត្រូវបានក្រសួងអប់រំ យុវជន និងកីឡាដាក់ឲ្យប្រកួត រួមមានកីឡាអត្តពលកម្ម បាល់ទាត់ បាល់ទះ បាល់បោះ ប៉េតង់ និងវាយកូនឃ្លីលើតុ។

លោក ប៊ូ ជុំសេរី បានវាយតម្លៃខ្ពស់ក្នុងការប្រកួត ក្រោយបញ្ចប់ដោយជោគជ័យ ពិសេសកីឡាករ-កីឡាការិនីម្នាក់ៗ បានប្រកួតដោយអស់ពីសមត្ថភាព និងគោរពគោលការណ៍ Fair-Play បានល្អ។ ទន្ទឹមជាមួយគ្នា លោកបានជំរុញគ្រឹះស្ថានអប់រំនានា រួមទាំងកីឡាករ-កីឡាការិនីជាសិស្សនិស្សិតផ្ទាល់ ត្រូវបន្ដការខិតខំអភិវឌ្ឍន៍ និងលេងកីឡា ដើម្បីទទួលបាននូវសុខភាពល្អ រឹតចំណងមិត្តភាព ពិសេសគឺរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្សជាមួយក្រសួង និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម នាឆ្នាំ២០២៣។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍នេះ គឺមានគ្រឹះស្ថានអប់រំសរុប ២១ចូលរួម ខណៈលទ្ធផលក្រុមអាស៊ីអឺរ៉ុប ដណ្ដើមបានមេដាយច្រើនជាងគេ ហើយក៏ជាឆ្នាំទី៤ ដែលពួកគេដណ្ដើមបានជើងឯកនេះដែរ។ រីឯវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ទទួលបានលេខ២ ក្រោយដណ្ដើមបានមេដាយសរុប ១៨គ្រឿង រួមមានមេដាយមាស៣, ប្រាក់៨ និងសំរឹទ្ធ៧ ស្របពេលវិទ្យាស្ថានខេមអេដ ឈរលេខ៣ ដណ្ដើមបានមេដាយសរុប ១០គ្រឿង រួមមានមេដាយមាស២, ប្រាក់២ និងសំរឹទ្ធ៦៕