(បាសេឡូណា)៖ កីឡាករលេងក្នុងតំណែងខ្សែបម្រើការពារ Sergio Busquets បានបន្តកិច្ចសន្យាថ្មីជាមួយម្ចាស់ជើងឯក La Liga អ្នកមានបុណ្យ FC Barcelona រហូតដល់ឆ្នាំ២០២៣ បន្ថែមលើកិច្ចសន្យាចាស់របស់គេដែលនឹងផុតកំណត់ចុង ឆ្នាំនេះ។

កីឡាករពាក់អាវលេខ៥ Busquets បានលើកឡើងថា រូបគេនឹងបន្តជួយឲ្យក្លឹបនៅតំបន់កាតាឡាន់នេះ ឈ្នះពានរង្វាន់ផ្សេងៗទៀត ក៏ដូចជាពាន La Liga រដូវកាលនេះបន្តទៀត ក៏ដូចជាពានលំដាប់ទី២ អេស្ប៉ាញ Copa del Rey ជាពិសេសនោះ ពានរង្វាន់ធំ UEFA Champions League តែម្តង បន្ទាប់ពីបន្តកិច្ចសន្យាថ្មីដែលបានធ្វើឡើង នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០១៨។

កីឡាករក្នុងក្រុមជម្រើសជាតិអេស្ប៉ាញ Busquets បច្ចុប្បន្នមានវ័យ ៣០ឆ្នាំ ក្នុងរដូវកាលថ្មីនេះ រូបគេបង្ហាញខ្លួនបាន ៧ប្រកួត Barcelona ដោយរកបាន ១៣គ្រាប់ចាប់តាំងពីបានលេងឲ្យក្លឹបអ្នកមានបុណ្យនេះបាន ៤៩០ប្រកួត ជាមួយនឹងការឈ្នះពាន UEFA Champions League ៣ដង, La Liga ៦ដង, Club World Cup ៣ដង និង UEFA Super Cup ៣ដងទៀតផង៕