(ប៊ែឡាំង)៖ ប្រទេសអាល្លឺម៉ង់បានយកឈ្នះតួកគី ដើម្បីទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះនៃព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ ប្រចាំទ្វីបអឺរ៉ុប UEFA Euro 2024 បន្ទាប់ពីទទួលបានសំឡេងបោះឆ្នោតគាំទ្រច្រើនជាង បានធ្វើឡើងនៅទីក្រុង Nyon ប្រទេសស្វីស នាថ្ងៃព្រហស្បតិ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០១៨។

នេះជាលើកទី១ ផងដែរសម្រាប់អាល្លឹម៉ង់ដែលទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះពានរង្វាន់មានរយៈពេល ៤ឆ្នាំម្តង បន្តាប់ពីអាល្លឺម៉ង់បានធ្វើម្ចាស់ផ្ទះម្តងរួចមកហើយកាលពីឆ្នាំ១៩៨៨ ខណៈតួកគីមិនទាន់បានធ្វើម្ចាស់ផ្ទះម្តងនៅឡើយទេ និងបន្តបរាជ័យ ៤សម័យកាលជាប់គ្នា ចាប់ពី Euro 2008, 2012 និង Euro 2016។

Euro 2024 នឹងត្រឡប់ទៅធ្វើនៅប្រទេសតែមួយវិញ បន្ទាប់ពី Euro 2020 ត្រូវបានធ្វើឡើងនៅប្រទេសច្រើនគ្នាក្នុងទ្វីបអឺរ៉ុប ដោយមាន ២៤ក្រុម លេងក្នុងជុំផ្តាច់ព្រ័ត្រ ស្របពេលដែលក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ ជាម្ចាស់ជើងឯកកាលឈ្នះម្ចាស់ផ្ទះបារាំង កាលឆ្នាំ២០១៦កន្លងទៅ។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ដែលមានរយៈពេល ៤ឆ្នាំម្តង ធ្វើឡើងចន្លោះ World Cup ២ឆ្នាំ នឹងត្រូវបានរៀបចំ ឡើងនៅចន្លោះខែមិថុនា និងខែកក្កដា ដោយមាន៥១ប្រកួត ក្នុងចំណោម ២៤ក្រុមចូលរួម និងប្រើពេលវេលាប្រកួតរយៈពេល ៣២ថ្ងៃ៕