(ភ្នំពេញ)៖ ការប្រកួតចុងក្រោយនៃសប្តាហ៍ទី២២ រវាងក្រុមសូទីឡូអង្គរ និងត្រូវប៉ះអង្គរថាយហ្គឺរ នៃពានរង្វាន់លីគកំពូលកម្ពុជា Metfone Cambodian League ឆ្នាំ២០១៨ ធ្វើឡើងនៅទឹកដីនៃកីឡដ្ឋានខេត្តសៀមរាប នៅថ្ងៃអាទិត្យ ទី៣០ ខែកញ្ញា នាម៉ោង១៥៖៣០នាទីរសៀល។

អ្វីដែលសំខាន់ផងនោះ ការប្រកួតរបស់ក្រុមទាំង២ សូទីឡូអង្គរ កាលពីសប្តាហ៍ទី២១ កន្លងទៅបានយកឈ្នះ អង្គរថាយហ្គឺរ នៅក្នុងលទ្ធផល ៤-០ កាលពីថ្ងៃសៅរ៍ ទី២២ ខែកញ្ញា ក្នុងទឹកដីរបស់ខ្លួន ឆ្លងកាត់២១ប្រកួតកន្លងមកនេះ សូលទីឡូអង្គរ ឈ្នះ៥ដង ស្មើ៤ដង និងចាញ់១២ដង។

សម្រាប់អង្គរថាយហ្គឺរវិញ កាលពីសប្តាហ៍ទី២១កន្លងទៅ លេងបានស្មើជាមួយជើងឯកចាស់ បឹងកេតអែហ្វស៊ី នៅក្នុងលទ្ធផល ២-២ ក្នុងដីរបស់ខ្លួននាថ្ងៃអាទិត្យ ទី២៣ ខែកញ្ញា ដោយឆ្លងកាត់២១ប្រកួតដូចគ្នា ឈ្នះ៧ដង ស្មើ៦ដង និងចាញ់៨ដង។

ចំណែកអ្នកចាំទីរបស់អង្គរថាយហ្គឺរបានលើកថា មានឱកាសបង្ហាញខ្លួនត្រឹម៦លើក ក្នុងពេល២រដូវកាលនេះ ប៉ុន្តែអ្នកចាំទីដែលមានឈ្មោះ សំ ពៅ បានបង្កើតកំណត់ត្រាដ៏ល្អមួយ គឺចាញ់តែ១លើកគត់ ក្នុងចំណោមការបង្ហាញខ្លួនទាំងអស់។ អ្នកចាំទីមានប្រភពពីស្រុកកំពង់រោទ៍ ខេត្តស្វាយរៀងរូបនេះលើកឡើងថា ខ្លួនរីករាយយ៉ាងខ្លាំងចំពោះកំណត់ត្រានេះ តែក៏នៅមើលឃើញពីចំណុចខ្សោយរបស់ខ្លួនដែលត្រូវកែប្រែផងដែរ។

សូមបញ្ជាក់ផងដែរ ការប្រកួតប្រចាំសប្តាហ៍ទី២២ ត្រូវជាសប្តាហ៍ចុងក្រោយផងដែររវាង ក្រុមដែលស្ថិតនៅក្នុងទឹកដីនៃខេត្តសៀមរាបទាំង២ សូលទីឡូអង្គរ ដែលឈរនៅចំណាត់ថ្នាក់លេខ១០ មាន១៩ពិន្ទុ និងត្រូវប៉ះជាមួយនិងក្រុម អង្គរថាយហ្គឺរ ដែលឈរនៅចំណាត់ថ្នាក់លេខ៧ និងមាន២៧ពិន្ទុ៕