(ភ្នំពេញ)៖ កាលពីមួយរយៈកន្លងទៅនេះ លោក អាចារ្យធំ ត្រូវបានគេដឹង លោកបានរៀបចំកម្មវិធី ស្លៀកសម្លៀកបំពាក់ តុបតែងខ្លួនតាមបែបខ្មែរបុរាណ នៅផ្ទះ និងហាងកាហ្វេរបស់ខ្លួន ដោយឲ្យមហាជនចូលរួមស្លៀកពាក់ ដោយឥតគិតថ្លៃ ដែលកម្មវិធីនេះ គឺមានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជន ពិសេសនោះ ក៏មានយុវជនដែលជាកូនខ្មែរ និងសិល្បករជាច្រើនរូប បាននាំគ្នាទៅចូលរួម ស្លៀកពាក់ខ្មែរបុរាណ និងថតរូបទុកជាអនុស្សាវរីយ៍ផងដែរ។

តែអ្វីដែលកាន់តែពិសេស និងគួរឲ្យចាប់អារម្មណ៍ខ្លាំងជាងនេះទៅទៀតនោះ គឺសូម្បីតែ អតីតកីឡាករប្រដាល់ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ លោក អេ ភូថង ក៏បាននាំក្រុមគ្រួសារ និងសិស្សក្នុងក្លឹបកីឡា មកស្លៀកពាក់បុរាណខ្មែរផងដែរ។

ជាក់ស្ដែង ដោយយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ហាងកាហ្វេ «វប្បធម៌» របស់លោកអាចារ្យធំ បានរៀបរាប់ទាំងរំភើបយ៉ាងដូច្នេះថា «សូមថ្លែងអំណរគុណដល់អធិរាជកែងឆេះ ជង្គង់ហោះ អេ ភូថង ភរិយា សាំ សុមាលី ព្រមទាំងសិស្សក្លឹបក្រសួងកសិកម្ម និងក្រុមកីឡាករមកពីក្លឹបឆ្មាសសែនសុខ និងក្លឹបកងយោធពលខេមរភូមិន្ទជាង ២០នាក់ ដែលបានអញ្ជើញមកចូលរួមក្នុងកម្មវិធីអាហារសាមគ្គី រួមទាំងស្លៀកពាក់បុរាណថ្ងៃនេះ នៅផ្ទះកាហ្វេវប្បធម៌ ២៦ កញ្ញា ២០១៨»

ទន្ទឹមគ្នានេះផងដែរ ក្នុងនោះក៏មានការភ្ជាប់នូវរូបភាពប៉ុន្មានសន្លឹក ដែលបង្ហាញពីវត្តមានក្រុមគ្រួសារ និងសិស្សនៅក្លឹបកីឡារបស់លោក អេ ភូថង ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជាច្រើនបានបញ្ចេញមតិ ដោយពោលនូវពាក្យសរសើរ និងគាំទ្រថា ពិតជាស្រស់ស្អាតខ្លាំងទាំងគ្រួសារតែម្ដង៕