(ភ្នំពេញ)៖ ទើបតែស្ងាប់ស្ងាត់ព័ត៌មានថា តារាចម្រៀងបែបយុវវ័យ កញ្ញា ឃីន ស្រីនាថ ហៅអ៊ីវ៉ា ចេញទៅផលិតកម្ម ហង្សមាស ស្រាប់តែ​ថ្មីៗនេះ តារាចម្រៀងស្រី កញ្ញា អ៊ីវ៉ា បានចេញនូវបទចម្រៀងថ្មីមួយបទ មានចំណងជើងថា ​«​ចាក់ដោតអារម្មណ៍» បានធ្វើឲ្យមហាជន​ជាច្រើនពេញចិត្ត ក៏ដូចជាគាំទ្រនូវបទចម្រៀងមួយនេះ​ជាខ្លាំង ខណៈបទចម្រៀងបែបមនោសញ្ចេតនាមួយ​នេះ បានបញ្ចេញនៅលើបណ្ដាញសង្គម ទើបតែបាន​រយៈពេល​ប៉ុន្មានថ្ងៃប៉ុណ្ណោះ ​គឺមានអ្នកចូលទស្សនារហូតដល់ទៅ ១លានដងឯណោះ។

ជាការកត់សម្គាល់ មួយរយៈចុងក្រោយនេះ ស្រីស្រស់ អ៊ីវ៉ា ហាក់មិនសូវបញ្ចេញចម្រៀងថ្មីនោះទេ ព្រោះតែនាងបានរងនូវដំណឹងថា​ចេញពីសាន់ដេទៅហង្សមាស ហើយផលិតកម្មក៏បានចរចាយ៉ាស្វិតស្វាញ ទម្រាំតែអ៊ីវ៉ាសម្រេចចិត្ត នៅក្នុងទ្រនំចាស់វិញ។ យ៉ាងណាមិញ គ្រាន់តែ​ស្រីស្រស់ អ៊ីវ៉ា សម្រេចថា នៅជ្រកក្នុងទ្រនំដដែលវិញភ្លាម ផលិតកម្មបានចេញបទចម្រៀងថ្មី​មួយបទភ្លាម ជូនដល់នាង ក្នុងនោះមានសន្ទុះនៃការគាំទ្រ បទថ្មីនេះ​ខ្លាំងមិនធម្មតា ពីសំណាក់ប្រិយមិត្តទស្សនិកជន​។

គួរបញ្ជាក់ថា ​អ៊ីវ៉ា ជាតារាចម្រៀងស្រី ដែលមាន​កេរ្តិ៍ឈ្មោះល្បីល្បាញ និងមានប្រជាប្រិយភាព ខណៈបទចម្រៀង​របស់នាង សុទ្ធសឹងតែជាបទ​ពោរពេញទៅដោយ មនោសញ្ចេតនា និងទទួលបានការគាំទ្រខ្លាំង​ ប៉ុន្តែមួយរយៈចុងក្រោយនេះ ដំណឹងនៃការចាកចេញពីសាន់ដេ ក៏ល្បីរន្ទឺខ្លាំថមិនធម្មតាដែរ៕