(ភំ្នពេញ)៖ ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា Metfone Cambodian League នឹងឈានចូលសប្តាហ៍ទី២២ និងជាសប្តាហ៍ចុងក្រោយរវាងក្រុម ម្ចាស់ផ្ទះអគ្គិសនីកម្ពុជា ប៉ះក្រសួងការពារជាតិ នៅកីឡដ្ឋានអគ្គិសនីកម្ពុជា និងត្រូវធ្វើឡើងថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា នាវេលាម៉ោង ១៥៖០០នាទីរសៀល។

សម្រាប់ការប្រកួតរវាងក្រុមទាំង២ អគ្គិសនី កាលពីសប្តាហ៍ទី២១កន្លងទៅ បានចាញ់សូទីឡូអង្គរ នៅក្នុងលទ្ធផល ៤-០ នៅទឹកដីនៃកីឡដ្ឋាន ខេត្តសៀមរាប កាលពីថ្ងៃសៅរ៍ ទី២២ ខែកញ្ញា ឆ្លងកាត់២១ប្រកួតកន្លងមកនេះ អគ្គិសនីកម្ពុជា ឈ្នះ២ដង ស្មើ៣ដង និងចាញ់១៦ដង។

ក្លឹបបាល់ទាត់អគ្គិសនីកម្ពុជាកាលពីពេលថ្មីៗនេះ មានគម្រោងប្រមូលយុវជនមានទេពកោសល្យបាល់ទាត់ បង្កើតជាក្រុមយុវជនថ្នាលឲ្យដូចក្លឹបមួយចំនួនធំក្នុងពានរង្វាន់ Metfone Cambodian League ដើម្បីពង្រឹងគុណភាពកីឡាករវ័យក្មេង ចម្រាញ់យកធនធានឆ្នើមៗបន្តវេនពីរៀមច្បង។

អ្វីដែលសំខាន់ផងនោះ លោក ផាន សុផាន់ណារ៉ា គ្រូជំនួយក្លឹបអគ្គិសនីកម្ពុជាបង្ហើបឲ្យដឹងពីគម្រោងនេះថា៖ «ខ្ញុំអាចជម្រាបបានព័ត៌មានបឋមមួយចំនួន តែពុំទាន់ផ្លូវការណ៍១០០ភាគរយទេ គឺថ្នាក់ដឹកនាំក្លឹបរបស់យើង មានបំណងបង្កើតជាក្រុមយុវជន ដូចក្លឹបវិសាខា ក្រសួងការពារជាតិ ជាដើមគេបានធ្វើ។ អញ្ចឹងជំហានដំបូងនេះ ខ្ញុំផ្ទាល់គ្រាន់តែធ្វើការជូនដំណឹងទៅក្មេងៗរបស់ខ្ញុំ ដែលខ្ញុំធ្លាប់បង្វឹកកាល ៤-៥ឆ្នាំមុន ឲ្យគាត់បានត្រៀមខ្លួនធ្វើតេស្តចូលរួម ចំណែកគោលការណ៍ច្បាស់លាស់ ត្រូវរង់ចាំការសម្រេចពីថ្នាក់ដឹកនាំជាមុនសិន»

ចំណែកក្រុម ក្រសួងការពារជាតិវិញ កាលពីសប្តាហ៍ទី២១កន្លងទៅ បានចាញ់ក្រុម ព្រះខ័នរាជស្វាយរៀង នៅក្នុងលទ្ធផល ១-០ ក្នុងទឹកដីរបស់ខ្លួន កាលពីថ្ងៃសៅរ៍ ទី២២ ខែកញ្ញា និងឆ្លងកាត់២១ប្រកួតដូចគ្នា ការពារជាតិ ឈ្នះ១២ដង ស្មើ៣ដង និងចាញ់៦ដង។

សូមបញ្ជាក់ថា ការប្រកួតប្រចាំសប្តាហ៍ទី២២ ជាសប្តាហ៍ចុងក្រោយនៃពានរង្វាន់ Metfone Cambodian League ២០១៨ ក្រុម អគ្គិសនីកម្ពុជា ដែលឈរនៅចំណាត់ថ្នាក់លេខ១១ មាន៩ពិន្ទុ និងត្រូវប៉ះជាមួយក្រុម ក្រសួងការពារជាតិ ដែលឈរនៅចំណាត់ថ្នាក់លេខ៤ និងមាន៣៩ពិន្ទុ៕