(ក្រុងឡុងដ៍)៖ ក្រុមតោខៀវ Chelsea បានបញ្ចប់ការឈ្នះរបស់ក្រុមហង្សក្រហម Liverpool តាមរយៈយកឈ្នះ ២-១ នៅកីឡដ្ឋាន Anfield យប់មិញនេះ ក្នុងជុំទី៣ នៃព្រឹត្តិការណ៍ពានរង្វាន់លំដាប់ទី៣ អង់គ្លេស League Cup រដូវកាលឆ្នាំ២០១៨-២០១៩ នេះ។

តាមរយៈការបរាជ័យក្នុងផ្ទះលើកទី១ ផងនោះ ក្រុមរបស់លោក Jurgen Klopp ក៏មិនអាចឡើងទៅជុំទី៤ នៃ League Cup បានទៀតដែរ និងបញ្ចប់ការឈ្នះ ៦ប្រកួតជាប់គ្នាក្នុងលីគកំពូលអង់គ្លេស Premier League ដែលកំពុងឈរនៅ កំពូលតារាងបណ្តោះអាសន្នផងដែរ ដោយមាន១៨ពិន្ទុពេញ ស្របពេល Chelsea ឈរនៅលេខ៣ ដោយមាន១៦ពិន្ទុ ពេលលេងស្មើជាមួយម្ចាស់ផ្ទះ West Ham United។

កីឡាករខ្សែបម្រើប៊ែលហ្ស៊ិក Eden Hazard រកបានគ្រាប់ជ័យជម្នះនៅនាទីទី៨៥ ក្នុងលទ្ធផលឈ្នះផ្លូវការ ២-១ ដើម្បីនាំ Chelsea ធ្វើដំណើរទៅកាន់ជុំទី៤ បន្តទៀត ជាមួយនឹងមិត្តរួមក្រុម Emerson ជាអ្នករកគ្រាប់តាមស្មើ ១-១ នៅនាទីទី៧៩ ក្រោយកីឡាករ Daniel Sturridge រកគ្រាប់នាំមុខឲ្យ Liverpool តាំងតែនាទីទី៥៩ មកនោះ។

Liverpool បានក្លាយជាក្រុមខ្លាំងទី២ ដែលបានជ្រុះចេញពី League Cup ដ៏លឿនបំផុត បន្ទាប់ពី Manchester United បានហាលអាវមុនគេ ក្រោយចាញ់ភ្ញៀវ Derby County ដោយបាល់ប៉េណាល់ទីកាលពីរាត្រីថ្ងៃអង្គារ៕