(ភ្នំពេញ)៖ ការប្រកួតកីឡាតេក្វាន់ដូដណ្ដើមពានរង្វាន់ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ លើកទី៦ ឆ្នាំ២០១៨  បានបើកការប្រកួតផ្លូវការហើយ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញានេះ ដោយមានកីឡាករ-កីឡាការិនីទូប្រទេសជាង ៣០០នាក់បានចូលរួម។ នេះបើតាមការបញ្ជាក់របស់លោក គង់ សក្ខិដា អគ្គលេខាធិការ ខេមរសហព័ន្ធតេក្វាន់ដូ។

លោក គង់ សក្ខិដា បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះ គឺរៀបចំឡើងក្រោមកិច្ចសហការរវាងខេមរសហព័ន្ធតេក្វាន់ដូ ជាមួយស្ថានទូតកូរ៉េប្រចាំនៅកម្ពុជា ដើម្បីបំផុសការប្រកួតប្រជែងកាន់តែខ្លាំង។ ការប្រកួតប្រចាំឆ្នាំនេះ គឺមានកីឡាករ-កីឡាការិនីមកពី ២០ក្លឹបស្មើនឹងជាង ៣០០នាក់ចូលរួម ខណៈសហព័ន្ធបានចាត់ទុកព្រឹត្តិការណ៍នេះ នឹងរុញច្រានការអភិវឌ្ឍន៍វិស័យកីឡាតេក្វាន់ដូកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត។

ដោយឡែកវិញ្ញាសាត្រូវបានដាក់ឲ្យប្រកួត គឺមានសរុប ៤៤វិញ្ញាសា ដោយវិញ្ញាសាសម្ដែងមេគុនអាយុចន្លោះ ៨ ទៅ ១២ឆ្នាំមាន ៤០វិញ្ញាសា ដែលមានកម្រិតខ្សែក្រវាត់ ពីលឿង ដល់ក្រហម និងអាយុចាប់ពី ១៦ឆ្នាំឡើង  ដែលមានកម្រិតខ្សែក្រវាត់ ពីលឿងដល់ក្រហម រួមទាំងវិញ្ញាសាប្រយុទ្ធ ៣វិញ្ញាសា និងការសម្ដែងស្នៀត ១វិញ្ញាសា។ តាមរយៈការប្រកួតនេះដែរ តំណាងសហព័ន្ធរំពឹងថា នឹងចម្រាញបាននូវធនធានកីឡាករ-កីឡាការិនីឆ្នើមៗមួយចំនួនទៀត ដើម្បីត្រៀមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនាពេលខាងមុខ៕