(ភ្នំពេញ)៖ ការប្រកួតទឹកចុងក្រោយរបស់ក្រុមជើងឯក ណាហ្គាវើល ប្រចាំរដូវកាលឆ្នាំ២០១៨ នៃក្របខណ្ឌលីគកំពូល កម្ពុជា ប៉ះអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលដើមឡើយត្រូវធ្វើនៅស្តាតចាស់ ម៉ោង ៣រសៀល ត្រូវបានប្ដូរទៅធ្វើនៅពហុកីឡដ្ឋានជាតិ ម៉ោង៥ល្ងាច ថ្ងៃសៅរ៍ ទី២៩ ខែកញ្ញាវិញ។

អ្វីដែលសំខាន់ជាមួយការរកឃើញក្រុមជើងឯក និងជើងឯករងខាងលើ គេក៏រកឃើញក្រុមលេខ៣ និងលេខ៤ ផងដែរ ពោលគឺក្រុមវិសាខា ក្រោយចាញ់ណាហ្គាវើល បានក្លាយជាក្រុមលេខ៣ ដោយស្វ័យប្រវត្តិ ព្រោះមាន ៤៥ពិន្ទុក្នុងដៃ ខណៈចំណាត់ថ្នាក់លេខ៤ បានទៅក្រុមក្រសួងការពារជាតិ ទោះបីប្រកួតចុងក្រោយ បានចាញ់ក្រុមព្រះខ័នរាជស្វាយរៀង ១-០ ក៏ដោយ ព្រោះពួកគេមាន ៣៩ពិន្ទុ នាំមុខក្រុមកំពុងឈរលេខរៀងទី៥ ភ្នំពេញក្រោន ដែលមាន ៣៣ពិន្ទុក្នុងប៉ុណ្ណោះ។

សម្រាប់ក្រុម អគ្គស្នងការបាលជាតិវិញ កំពុងឈរនៅចំណាត់ថ្នាក់លេខ៩ និងមាន២៥ពិន្ទុ បន្ទាប់ពីលេងបានស្មើជាមួយក្រុមអាស៊ីអឺរ៉ុបយូណាយធីត ក្នុងលទ្ធផល ២-២ កាលពីថ្ងៃសៅរ៍ ទី២២ ខែកញ្ញា នៅទឹកដីនៃពហុកីឡដ្ឋានជាតិ ឆ្លងកាត់២១ប្រកួតកន្លងមកនេះ នគរបាលជាតិ ឈ្នះ៧ដង ស្មើ៤ដង និងចាញ់១០ដង។

សូមបញ្ជាក់ដែរថា ណាហ្គាវើល ជាក្រុមជើងឯកប្រចាំរដូវកាលឆ្នាំ២០១៨ បានក្លាយជាជើងឯក ដែលជាលើកទី២ ក្រោយរង់ចាំអស់រយៈពេល៩ឆ្នាំ បន្ទាប់ពីផ្ដួល វិសាខា ២-១ កាលពីថ្ងៃអាទិត្យ ទី២៣ ខែកញ្ញា ស្របពេលបឹងកេត ស្មើ ២-២ ជាមួយអង្គរថាយហ្គឺរ ដែលនាំឱ្យក្រុមលោក មាស ចាន់ណា លើស៤ពិន្ទុនៅកំពូលតារាង ខណៈការប្រកួតនៅសល់តែ១លើកទៀតប៉ុណ្ណោះ៕