(ភ្នំពេញ)៖ បទចម្រៀងថ្មី ​ជាប្រភេទសាច់រឿង ស្វាគមន៍វត្តមានតារាចម្រៀង កែវ វាសនា វិលរកទ្រនំផលិតកម្មសាន់ដេវិញ គឺបទ «​នឹកមនុស្សម្នាក់ ដែលមិនបានស្រឡាញ់ខ្ញុំ» និងបទ «មនុស្សប្រុសរឿងច្រើន» ដែលបានធ្វើឲ្យអ្នកគាំទ្រ មានការ​ភ្ញាក់ផ្អើលខ្លាំង​ គឺជាការតាក់តែងនិពន្ធបទភ្លេងឡើង របស់តារាចម្រៀងលោក Jane Roffer ដែលត្រូវបានគេស្គាល់ថា លោកមានឈ្មោះល្បីគួរសម ក្នុងការងារសិល្បៈ នាពេលកន្លងមក។

បន្ទាប់ពីចូលមកក្នុងផលិតកម្ម សាន់ដេវិញភ្លាម លោក កែវ វាសនា បានបញ្ចេញស្នាដៃបទចម្រៀងថ្មីបទ «នឹកមនុស្សម្នាក់ដែលមិនបានស្រឡាញ់ខ្ញុំ» ដែលសម្តែងរួមគ្នា​ ជាមួយ កំពូលតារាចម្រៀង សុខ ពិសី ខណៈបទជាសាច់រឿងតគ្នានេះ ចេញមិនបានពីរថ្ងៃផង មានអ្នកចូលទស្សនា ជាងមួយលានដងទៅហើយ ខណៈដែលបទរបស់ សុខ ពិសី «មនុស្សប្រុសរឿងច្រើន» ក៏មានអ្នកចូលទស្សនាជិនកន្លះលានដង​ដែរ។ យ៉ាងណាមិញ នៅពីក្រោយបទចម្រៀងនេះ គឺជាការនិពន្ធបទភ្លេង ដោយលោក Jane Roffer ហើយក៏ជាបទដំបូង ដែលអ្នកនិពន្ធបទភ្លេងវ័យក្មេងរូបនេះ បញ្ចេញឡើងនៅផលិតកម្មសាន់ដេ​។​

អ្នកនិពន្ធបទភ្លេងលោក Jane Roffer បានប្រាប់ឲ្យដឹងថា តាមការពិត ​អត្ថន័យក្នុងបទចម្រៀងទាំងពីរបទនេះ គឺ​ជារឿងពិតរបស់អ្នកនិពន្ធម្នាក់ ឈ្មោះ ជូន សុខជា ដែលគ្រាន់តែទទួលដំណឹង ពីអ្នកគ្រប់គ្រងផលិតកម្មថា លោក កែវ វាសនា ត្រឡប់មកសាន់ដេវិញភ្លាម ​លោកក៏បានពិភាក្សា និងចង់ឲ្យលោក កែវ វាសនា ចាប់ដៃជាមួយកញ្ញ សុខ ពិសី ដើម្បីទទួលបានការគាំទ្រខ្លាំង​ លោកក៏ចាប់ផ្តើមសហការគ្នារៀបចំ ជាសាច់រឿងក្នុងបទចម្រៀងនេះឡើង​។

​ក្រោយពីពិភាក្សា​ អំពីបទចម្រៀងទាំងពីរ ជាមួយអ្នកនិពន្ធ​ចប់សប់គ្រប់ លោក Jane Roffer ចាប់ផ្តើមមានទំនុកចិត្តថា បទចម្រៀងដែលជាការបញ្ចេញស្នាដៃ និពន្ធបទភ្លេងថ្មីរបស់លោក នឹងក្លាយជារសជាតិថ្មីមួយទៀត សម្រាប់ទស្សនិកជន ទោះ​បីវាជាស្នេហាផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ ប៉ុន្តែជាអារម្មណ៍ដែលកើតមានឡើង របស់គូស្នេហ៍ជាច្រើនទៀត៕