(ភ្នំពេញ)៖ អគ្គនាយកក្រុមហ៊ុនសម្ភារកីឡាថៃយីហោ Susi លោក Bubet Suppipat អះអាងថា ក្នុងការប្រកួតពានរង្វាន់ Metfone Cambodian League ឆ្នាំ២០១៩ រដូវកាលថ្មីខាងមុខ ក្រុមហ៊ុនលោកប៉ងស្វែងរកដៃគូសហការឧបត្ថម្ភចំនួន៣ក្លឹប ដោយផ្ដោតលើក្លឹបលេងនៅក្របខណ្ឌលីគកំពូលកម្ពុជា នេះបើតាមការឲ្យដឹងពីគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា នាល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨។

លោក Bubet Suppipat បានឲ្យដឹងថា «យើងជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈកីឡាថ្មីមួយ តែយើងបានឧបត្ថម្ភក្លឹបកម្ពុជាមួយហើយ ក្នុងរដូវកាលនេះ គឺក្លឹបសូលទីឡូអង្គរ និងរដូវកាលក្រោយ យើងមានគម្រោងស្វែងរកក្លឹបផ្សេងៗទៀត ដោយបច្ចុប្បន្នយើងចាប់ផ្ដើមចរចាបណ្ដើរៗហើយជាមួយពួកគេ ខណៈយើងមានលទ្ធភាពឧបត្ថម្ភក្រុមចំនួន៣នៅកម្ពុជា ព្រោះយើងមានកញ្ចប់ថវិកាសម្រាប់ប្រើប្រាស់គ្រប់គ្រាន់ ហើយមួយចំណែកផ្សេងទៀត នឹងយកទៅឧបត្ថម្ភក្លឹបនៅថៃ និងម៉ុងហ្គោលីវិញ»

បុរសជនជាតិថៃដដែលបានបង្ហាញមោទនភាព ចំពោះការបង្ហាញយីហោ SUSI របស់ខ្លួនក្នុងលីគកំពូលកម្ពុជា ក៏ដូចជារួមចំណែកជាកម្លាំងចលករមួយ ជំរុញកិច្ចអភិវឌ្ឍន៍បាល់ទាត់នៅកម្ពុជា បន្ថែមលើនេះ លោក Bubet Suppipat ថាការកើនឡើងនូវបរិមាណបញ្ជាទិញពី សូលទីឡូអង្គរក្នុងឆ្នាំ២០១៨ ក៏ជាផ្នែកមួយឲ្យក្រុមហ៊ុន Susi ចង់ពង្រីកទំហំឧបត្ថម្ភរបស់ខ្លួននៅលីគកំពូលកម្ពុជាថែមទៀតផងដែរ។

គួរបញ្ជាក់ផងដែរថា Susi ជាក្រុមហ៊ុនផលិតសម្ភារៈកីឡាមួយ មានអាយុកាល២ឆ្នាំហើយ គិតត្រឹម២ឆ្នាំនេះ Susi បានឧបត្ថម្ភក្រុមចំនួន៥ ក្នុងនោះនៅថៃមាន២ក្រុម កម្ពុជា១ ម៉ុងហ្គោលី២៕