(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងបន្ដធ្វើការប្រកួតមិត្តភាពអន្ដរជាតិលើកទី២ ក្រោមការដឹកនាំរបស់លោក Keisuke Honda អ្នកចាត់ការទូទៅថ្មី ដោយត្រូវជួបក្រុមជម្រើសជាតិទីម័រខាងកើត នាថ្ងៃទី១២ ខែតុលាខាងមុខ នៅលើទីលានពហុកីឡដ្ឋានជាតិ។

ដោយឡែកសំបុត្រចូលទស្សនាការប្រកួតនេះ ត្រូវបានមន្ដ្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បញ្ជាក់ថា នឹងត្រូវដាក់លក់នាថ្ងៃទី០១ ខែតុលាដើមសប្ដាហ៍ក្រោយ ដោយរក្សាតម្លៃនៅដដែល ពោលគឺតម្លៃ ១០,០០០រៀល កន្លែងអង្គុយមានដំបូង និងតម្លៃ ៥,០០០រៀល កន្លែងអង្គុយគ្មានដំបូល។

នេះគឺជាការប្រកួតទី២ របស់កម្ពុជា ក្រោយប្រកួតដំបូង ចាញ់ក្រុមជម្រើសជាតិម៉ាឡេស៊ី ៣-១ ក្នុងជំនួបមិត្តភាព កាលពីថ្ងៃទី១០-កញ្ញា ក្រោមការដឹកនាំផ្ទាល់របស់លោក Honda។ តែក្រោយជួបទីម័រ រយៈពេល ៤ថ្ងៃក្រោយកម្ពុជា នឹងមានការប្រកួតមិត្តភាពអន្ដរជាតិក្នុងដី ១ប្រកួតទៀត គឺជួបសិង្ហបុរី នៅថ្ងៃទី១៦ ខែតុលា ដើម្បីត្រៀមការប្រកួតពានរង្វាន់ AFF Suzuki Cup 2018 នាខែវិច្ឆិកា។

គួរបញ្ជាក់ថា បេសកកម្មចូលរួមប្រកួតពានរង្វាន់ AFF Suzuki Cup 2018 កម្ពុជាគឺស្ថិតក្នុងពូលA ជាមួយវៀតណាម ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងឡាវ គ្រាដែលប្រកួតបើកឆាក ចាប់ផ្ដើមនៅថ្ងៃទី០៨ ខែវិច្ឆិកា ក្រុមរហស្សនាមគោព្រៃកម្ពុជា នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិទទួលក្រុមជម្រើសជាតិម៉ាឡេស៊ីមុនគេ មុនធ្វើដំណើរទៅជួបម្ចាស់ផ្ទះមីយ៉ាន់ម៉ា នៅថ្ងៃទី១២-វិច្ឆិកា, ជួបឡាវក្នុងដី នាថ្ងៃទី២០-វិច្ឆិកា និងជួបម្ចាស់ផ្ទះវៀតណាម នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨៕