(ភ្នំពេញ)៖ លោក ខេមរៈ សិរីមន្ត ត្រូវបានគេសង្កេតឃើញថា ទោះបីជាលោកបានបង្ហាញមុខភរិយាក៏ដូចជាកូនប្រុសស្រី ឲ្យប្រិយមិត្តទស្សនិកជនស្គាល់ក្ដី តែប្រជាប្រិយភាព និងភាពល្បីល្បាញ​របស់លោក នៅតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។ ខណៈថ្មីៗនេះ លោកបាន​បង្ហាញភាពផ្អែមល្ហែម ​និងបញ្ចេញសារលើកសរសើរពីអត្តចរិត របស់ភរិយាខ្លួន ធ្វើឲ្យប្រិយមិត្តទស្សនិកជន បានឮហើយស្ទើរតែលើសជាតិស្ករ ព្រោះតែសារនោះមានន័យជ្រៅស្ទើរស្មានមិនដល់។

លោកខេមរៈ សិរីមន្ត បានបង្ហាញរូបភាពផ្អែមល្ហែម ជាមួយនឹងភរិយារួមទាំងកូនប្រុសស្រី ដោយបានសរសេរសារដ៏មានអត្ថន័យថា «​បងជាប្តីធម្មតាៗម្នាក់ប៉ុណ្ណោះ អូនទើបជាភរិយាដ៏ល្អ តាំងពីពួកយើងស្រឡាញ់គ្នាមក អូនមិនដែលចង់បានអ្វី​ពីបងឡើយ អូនថាសុំត្រឹម​មានបងក្បែរនិងស្រឡាញ់អូន គឺគ្រប់គ្រាន់ហើយសំរាប់អូន បងមានសំណាងណាស់ដែលមានអូនជាភរិយា​»

យ៉ាងណាមិញ ក្រោយពីលោក ខេមរៈ សិរីមន្ត បានបើកបង្ហាញមុខ​ភរិយា និងកូនប្រុសស្រី ឲ្យមហាជនអ្នកគាំទ្របានដឹងជាសាធារណៈហើយនោះ គេសង្កេតឃើញថា លោកកាន់តែបង្ហាញភាពផ្អែមល្ហែមខ្លាំងជាមួយភរិយា ដែលធ្វើឲ្យទស្សនិកជនមិនតិចនាក់នោះទេលួចច្រណែន​នឹងរូបលោក។ ទន្ទឹមគ្នានេះដែរ ក្រោយពីបានបង្ហោះសារបែបនេះធ្វើឲ្យអ្នកគាំទ្រទាំងឡាយ សម្តែងក្តីរំភើប និងកោតសរសើរថា ខេមរៈ សិរីមន្ត និងក្រុមគ្រួសារពិតជាមានសុភមង្គល​។

គិតមកទល់នឹងពេលនេះ លោក ខេមរៈ សិរីមន្ត បានសាងស្នាដៃចម្រៀង ដែលទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ទស្សនិកជនដូចជាបទ «ស្ទឹងត្រែងបងអើយ», «អស់សិទ្ធថែ​តែនៅបារម្ភ» និងបទ «សង្សារអើយឲ្យបងសុំទោស» ជាដើម សុទ្ធសឹងតែជាបទល្បីល្បាញ និងទទួលស្គាល់ពីមិត្តយុវវ័យ៕