(ភ្នំពេញ)៖ សម្រាប់ការប្រកួតប្រចាំសប្តាហ៍ទី២១ ត្រូវបានបញ្ចប់ដោយម្ចាស់ផ្ទះ សូលទីឡូអង្គរ បានយកឈ្នះក្រុមភ្ញៀវ អគ្គិសនីកម្ពុជា នៅក្នុងលទ្ធផល ៤-០ កាលពីថ្ងៃសៅរ៍ ទី២២ ខែកញ្ញា នៅទឹកដីនៃកីឡដ្ឋានខេត្តសៀមរាប នៃវគ្គសន្សំពិន្ទុពានរង្វាន់លីគកំពូលកម្ពុជា ប្រចាំឆ្នាំ២០១៨។

ការប្រកយតក្នុងតង់ទី១ សូលទីឡូអង្គរ រកបានគ្រាប់ទី១ ដោយកីឡាករ DEBIRO DZARMA BATA ពាក់លេខ១១ នៅនាទីទី៨ និងគ្រាប់ទី២ ដោយកីឡាករ ABBAN JAMES KWAME ពាក់លេខ៩០ បានទាត់បញ្ចូលទីនៅនាទីទី២៨ មុនពេល លី ភិរុន ពាក់លេខ៦ បានបន្ថែមនៅគ្រាប់ទី៣ នៅនាទីទី៣៤ និងកើតឡើងតែ ១គ្រាប់សម្រាប់តង់ទី២ ដោយកីឡាករដដែល ABBAN JAMES KWAME ពាក់លេខ៩០ នៅនាទីទី៦៥ និងធ្វើឲ្យក្រុមទទួលបានជ័យជម្នះតែម្តងក្នុងលទ្ធផលឈ្នះដាច់ ៤-០។

សូលទីឡូអង្គរ កាលពីសប្តាហ៍ទី២0កន្លងទៅ បានចាញ់ក្រុមស្វាយរៀងក្នុងលទ្ធផល ៥-២ កាលពីថ្ងៃសៅរ៍ ទី១៥ ខែកញ្ញា នៅទឹកដីនៃមជ្ឈមណ្ឌលហ្វឹកហ្វឹនកីឡា (ស្តាតចាស់) ឆ្លងកាត់២១ប្រកួតកន្លងមកនេះ ឈ្នះ៥ដង ស្មើ៤ដង និងចាញ់១២ដង ខណៈអគ្គិសនីកម្ពុជាវិញ កាលពីសប្តាហ៍ទី២0កន្លងទៅ បានចាញ់ក្រុមជើងឯកចាស់ បឹងកេតអែហ្វស៊ី ក្នុងលទ្ធផល ៥-០ កាលពីថ្ងៃអាទិត្យ ទី១៦ ខែកញ្ញា នៃទឹកដីពហុកីឡដ្ឋានជាតិ ឆ្លងកាត់២១ប្រកួតកន្លងមកដូចគ្នា អគ្គិសនីកម្ពុជា ឈ្នះ២ដង ស្មើ៣ដង និងចាញ់១៦ដង។

សូមបញ្ជាក់ផងដែរថា ការប្រកួតប្រចាំសប្តាហ៍ទី២១ ក្រុមសូលទីឡូអង្គរ ដែលឈរនៅចំណាត់ថ្នាក់លេខ១០ និងមាន១៩ពិន្ទុ បានឈ្នះក្រុមអគ្គិសនីកម្ពុជា ដែលឈរនៅចំណាត់ថ្នាក់ លេខ១១ និងមាន៩ពិន្ទុ៕