(ភ្នំពេញ)៖ ក្រោយពីចំណាត់ការរបស់ក្រសួងវប្បធម៌ ត្រូវបានប្រកាសជាផ្លូវការ ស្ដីពីការព្រមានលើភាពសិចស៊ី ក្នុងសកម្មភាពសិល្បៈរួចមក គេបានសង្កេតឃើញ តារាសម្តែងស្រី ពេជ្រ អាវីហ្សា បានសម្តែងនូវការមិនពេញចិត្ត​ខ្លាំង ដោយនាងប្រកាន់ជំហ​ថា មិនបានសិចស៊ីជ្រុលពេកនោះទេ ពោលគឺមានតែថតរូបតិចតួច ជាមួយលោក អែនឌី ប៉ុណ្ណោះ ហើយចំពោះ MV ចម្រៀង​ គឺពុំមានអ្វីឲ្យលើសជ្រុសផងដែរ។ ​បន្ទាប់កើតឡើងនូវបញ្ហានេះភ្លាម ដែលធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់នាងយ៉ាងខ្លាំង ​រហូតមកដល់ពេលនេះ ពេជ្រ អាវីហ្សា​ហាក់លែងខ្វល់ខ្វាយ និងយកចិត្តទុកដាក់​ទៀតហើយ ដោយងាកមកមើលពីខ្លួនឯងជារឿងសំខាន់វិញ ខណៈថ្មីនេះ នាងបានចំណាយលុយ ទិញ iPhone XS Max ដែលទើបតែចេញក្ដៅៗហុយៗមួយគ្រឿង លួចចិត្តខ្លួនឯង ឈប់គិតរឿងដែលកន្លងហួស​។

ស្រីស្រស់សម្ផស្សឆើតឆាយ ​ពេជ្រ អា​វី​ហ្សា ត្រូវបានគេដឹងថា គឺជា​តារា​សម្តែង​ដ៏​ទាន់សម័យ មិន​ថា​ម៉ូដ​សម្លៀកបំពាក់ ឬ​សម្ភារ​ផ្សេងៗ គឺ​នាង​ចូលចិត្ត​ផ្លាស់ប្តូរ​មិនឲ្យ​ជាន់គ្នា​នោះទេ​។ ស្រប​ពេលដែល​ទូរស័ព្ទដៃ​ម៉ាក iPhone XS Max បានប្រកាស​ចេញ​ជា​ផ្លូវការភ្លាម នាង​បានកុ​ម្ម៉​ង់​ទិញ​ប្រើ​មុនគេ​តែម្តង​ ហើយក៏ជាការជុសជុលផ្លូវចិត្តរបស់ខ្លួនឯង បន្ទាប់ពីត្រូវព្រនង់ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានព្រមានលើរូបនាង កុំឲ្យបញ្ចេញភាពសិចស៊ីហួសហេតុបន្តទៀត។​

​ទោះបីជាទូរស័ព្ទ iPhone XS Max ជាទូរស័ព្ទជំនាន់ថ្មី ទើបនឹងចេញ ហើយមានតម្លៃ​ថ្លៃ​បន្តិច​មែន ប៉ុន្តែ​ ពេជ្រ អា​វី​ហ្សា សុខចិត្ត​ចំណាយលុយ​ផ្ទាល់ខ្លួន​ទិញ​ជា​កាដូ ​លួចចិត្ត​ខ្លួនឯង​​ពោលគឺមិនមែនជា​រប​ស់បុរ​សណា​ម្នាក់ ទិញកាដូជូននាង​ឡើយ​។

សូមបញ្ជាក់ថា ខណៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈព្រោះតែរឿងសិចស៊ីត្រូវបានប្រកាសជាផ្លូវការ តារាសម្តែងស្រី ពេជ្រ អាវីហ្សា បានសម្តែងនូវការមិនពេញចិត្តយ៉ាងខ្លាំង ដោយនាងប្រកាន់ជំហរថា មិនបានសិចស៊ីជ្រុលពេកនោះទេ ពោលគឺមានតែថតរូបតិចតួច ជាមួយលោក អែនឌី ប៉ុណ្ណោះ​។ ការសម្រេចរបស់ក្រសួងពេលនេះ ធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់នាងយ៉ាងខ្លាំង ដល់ថ្នាក់នាងប្រកាសថា មិនទទួលសម្តែងភាពយន្តមួយរយៈខ្លីទៀតផង៕