(ក្រុងឡុងដ៍)៖ អ្នកប្រដាល់អង់គ្លេស Anthony Joshua នៅតែជាអធិរាជប្រដាល់ទម្ងន់ធ្ងន់ពិភពលោកនាពេលបច្ចុប្បន្ន ក្រោយផ្ដួលកីឡាកររុស្ស៊ី Alexander Povetkin សន្លប់ក្នុងទឹកទី៧ នៅសង្វៀន Wembley ថ្ងៃសៅរ៍ទី២២ខែកញ្ញា ឆ្នាំ២០១៨។

ទស្សនិកជនប្រមាណ ៩ម៉ឺននាក់ចូលទស្សនាផ្ទាល់នៅពហុកីឡដ្ឋានជាតិរបស់អង់គ្លេស Wembley និងបានឃើញអ្នក ប្រដាល់វ័យ២៨ឆ្នាំ កម្ពស់ ១.៩៨ម៉ែត្រ រក្សាបានខ្សែក្រវាត់ទាំង៣ របស់គេ គឺខ្សែក្រវាត់ WBA, IBF និង WBO ដោយពេលនេះ Joshua មានស្ថិតិប្រកួត២២ដង ឈ្នះទាំងអស់ និងផ្ដួលដៃគូឲ្យសន្លប់ដល់ទៅ២១ដង លើកលែងតែអ្នកប្រដាល់ជនជាតិនូវែលហ្សេឡង់ Joseph Parker ម្នាក់គត់ដែលចាញ់ត្រឹមពិន្ទុកាលពីខែមីនា ឆ្នាំ២០១៨។

រីឯអ្នកប្រដាល់រុស្ស៊ី វ័យ៣៩ឆ្នាំ Povetkin នេះជាលើកទី២ហើយ ដែលគេចាញ់ក្នុងចំណោមការឡើងសង្វៀន ៣៦ប្រកួត ក្នុងនោះឈ្នះ៣៤ដង ក្នុងចំណោមផ្ដួលដៃគូសន្លប់២៥ដង និងធ្លាប់ចាញ់ ២ដងដែរ៕