(ភ្នំពេញ)៖ វីដេអូដែលបង្ហាញពីសកម្មភាពរបស់ជនជាតិបរទេសមួយក្រុម រាំលេងកំសាន្តយ៉ាងសប្បាយរីករាយជាមួយនឹងបទចម្រៀងរបស់ខ្មែរមួយបទ មានចំណងជើងថា «អូនសាសន៍អី»។ ការជ្រើសរើសបទចម្រៀងខ្មែរមករាំលេងកំសាន្តពេលនេះ បានធ្វើឱ្យជនជាតិខ្មែរជាច្រើន សម្តែងនូវការប្លែកអារម្មណ៍ និងសប្បាយរីករាយ ពេលចម្រៀងរបស់ខ្លួន ល្បីដល់បរទេស ជាពិសេសម្ចាស់ចម្រៀងតែម្តង។

បើតាមការកត់សម្គាល់ បទចម្រៀង «អូនសាសន៍អី» ជាស្នាដៃរបស់ផលិតកម្ម ក្លាបយ៉ាហ៊ែន ដែលបកស្រាយដោយលោក វុទ្ធា រួមជាមួយ Victor Siva។  បទនេះផងដែរ ត្រូវបានគេដឹងថាជាប្រភេទបទ Remix ដែលមានចង្វាក់ភ្លេងទាក់ទាញ និងធ្វើឱ្យគ្រប់គ្នាពេលឮបទនេះហើយ ចង់ឡើងរាំតែម្តង។ ទន្ទឹមគ្នានេះ បើងាកមកទស្សនាការរាំលេងរបស់ជនជាតិបរទេសមួយក្រុមនេះ គឺហាក់សប្បាយរីករាយយ៉ាងខ្លាំង ជាមួយនឹងបទចម្រៀងមួយបទនេះ។ ជាពិសេសពួកគេ បានបង្កភាពសប្បាយរីករាយ នៅកន្លែងទេសចរណ៍ដ៏ល្បីរបស់បារាំងមួយនេះ ក៏ដូចជាធ្វើការសម្តែងចែកជូនអ្នកទេសចរណ៍ទស្សនាផងដែរ។

យ៉ាងណាមិញ នេះមិនមែនជាលើកទីមួយនោះទេ ដែលមានជនជាតិបរទេសមួយក្រុមនេះលើកយកបទចម្រៀងមានចំណើងជើងថា «អូនសាសន៍អី» ទៅរាំជាសាធារណៈ។ បើតាមគេតាមគេកត់សម្គាល់ គឺច្រើនលើកច្រើនសារមកហើយ តែយ៉ាងណា វាបានបង្កភាពសប្បាយរីករាយ បង្កើតភាពស្និទ្ធស្នាលរវាងជនជាតិបរទេស និងជនជាតិខ្មែរផងដែរ ដោយមិនប្រកាន់រើសអើងពូជសាសន៍ ឬពណ៌សម្បុរនោះឡើយ៕