(ភ្នំពេញ)៖ កម្មវិធីប្រកួតវគ្គសន្សំពិន្ទុពានរង្វាន់លីគកំពូលកម្ពុជា ប្រចាំសប្តាហ៍ទី២១ នៅចុងសប្តាហ៍នេះ ក្រុមម្ចាស់ផ្ទះក្រសួងការពារជាតិ និងត្រូវប៉ះជាមួយក្រុមព្រះខ័នរាជស្វាយរៀង នៅក្នុងទឹកដីនៃមជ្ឈមណ្ឌលហ្វឹកហ្វឹនកីឡា (ស្តាតចាស់) នៅថ្ងៃសៅរ៍ ទី២២ ខែកញ្ញ នាវេលាម៉ោង១៨៖០០ល្ងាច។

សម្រាប់ការប្រកួតរបស់ក្រុមទាំងពីរ ការពារជាតិ កាលពីសប្តាហ៍ទី២០កន្លងទៅ បានចាញ់ក្រោមថ្វីជើង របស់ក្រុមកំពូលតារាងណាហ្គាវើល នៅក្នុងលទ្ធផល ២-០ នៅក្នុងទឹកដីរបស់ខ្លួន កាលពីថ្ងៃសៅរ៍ ទី១៥ ខែកញ្ញា ២០ប្រកួតកន្លងមកនេះ ការពារជាតិ ឈ្នះ១២ដង ស្មើ៣ដង និងចាញ់៥ដង។

រីឯក្រុម ព្រះខ័នរាជស្វាយរៀងវិញ អំឡុងការប្រកួតមិត្តហ្វូនខេមបូឌានលីគសប្ដាហ៍ទី២០ នៅកីឡដ្ឋានខេត្តស្វាយរៀង កាលពីយប់ថ្ងៃសៅរ៍ទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ព្រះខ័នរាជស្វាយរៀង បានវាយបកយកឈ្នះ សូលទីឡូអង្គរ ៥-២ យ៉ាងអស្ចារ្យ ក្រោយរបូត២គ្រាប់មុន ២០ប្រកួតកន្លងមកនេះស្វាយរៀង ឈ្នះ៨ដង ស្មើ៣ដង និងចាញ់៩ដង។

គួររំលឹកផងដែរ ក្រុមទាំង២កាលពីជើងទី១ ធ្លាប់ប៉ះទង្គិចគ្នានិងធ្វើឲ្យក្រុមទាំងសងខាង ត្រូវបានក្រុមគណៈកម្មការវិន័យ​របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បានចេញសេចក្តីសម្រេចផ្លូវការ ដែលល្មើសនឹងក្រមសីលធម៌ និងក្រមវិន័យរបស់សហព័ន្ធ ជាប់ពិន័យប៉ុន្មានប្រកួតឯណោះ។

សម្រាប់ការប្រកួតប្រចាំសប្តាហ៍ទី២១ ក្រសួងការពារជាតិ ដែលឈរនៅចំណាត់ថ្នាក់លេខ៤ មាន៣៩ពិន្ទុ និងត្រូវប៉ះជាមួយក្រុមព្រះខ័នរាជស្វាយរៀង ដែលឈរនៅចំណាត់ថ្នាក់លេខ៦ និងមាន២៧ពិន្ទុ៕