(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់របស់អង់គ្លេស Arsenal បានយកឈ្នះក្រុម Vorskla របស់អ៊ុយក្រែនក្នុងលទ្ធផល ៤-២ ខណៈតោខៀវ Chelsea បានយកឈ្នះម្ចាស់ផ្ទះ PAOK របស់ក្រិកក្នុងលទ្ធផល ១-០ ក្នុងថ្ងៃបើកឆាកពានរង្វាន់លំដាប់ទី២ ប្រចាំទ្វីបអឺរ៉ុប UEFA Europa League នាយប់មិញនេះ។

រឿងដ៏អស្ចារ្យនៅកីឡដ្ឋាន Emirates កាំភ្លើងធំ Arsenal បានបើកការនាំមុខ Vorskla រហូតដល់ទៅ ៤គ្រាប់មុនឯណោះ ខណៈកីឡាករសញ្ជាតិកាបុង Pierre-Emerick Aubameyang រកបាន២គ្រាប់ Danny Welbeck ១គ្រាប់ និងមិត្តរួមក្រុម Mesut Ozil រកបាន១គ្រាប់ផងដែរ មុនពេលក្រុមភ្ញៀវវាយបករកបាន២គ្រាប់វិញ នៅនាទីចុងម៉ោងវគ្គសន្សំពិន្ទុនៃពូល E។

យ៉ាងណាមិញ សម្រាប់១គ្រាប់របស់ក្រុមតោខៀវ Chelsea វិញបានកើតឡើងនៅនាទីទី៧ ដោយកីឡាករខ្សែបម្រើជន ជាតិប្រេស៊ីល Willian ទៅលើក្រុមម្ចាស់ផ្ទះ PAOK ក្នុងវគ្គសន្សំពិន្ទុនៃពូល L ក្នុងនាមជាក្រុមដែលខកខានពានរង្វាន់ធំ UEFA Champions League រដូវកាលនេះដូចគ្នា ដោយសារតែបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ៥ និងលេខ៦ ក្រៅ តំបន់ឈ្នះកៅអី Champions៕