(ភ្នំពេញ)៖ បន្ទាប់ពីបានឆ្លងកាត់ការប្រកួតអស់រយៈពេលជាច្រើនសប្តាហ៍ និងបានជម្រុះបេក្ខជនជាបន្តបន្ទាប់ហើយនោះ ពេលនេះកម្មវិធី «American’s Got Talent 2018» រដូវកាលទី ១៣ បានស្វែករកម្ចាសពាន់រង្វាន់កាន់ទឹកប្រាក់ ១លានដុល្លារឃើញហើយ។ ក្នុងនោះត្រូវបានគេដឹងថា ម្ចាស់ពាន់គឺជាអ្នកលេងសៀក ដ៏មានទេពកោសល្យម្នាក់ ដែលមានឈ្មោះថា Shin Lim ដែលមិនមែនជាសិល្បករ។

ជាការពិតពីមួយវគ្គទៅមួយវគ្គ នៃកម្មវិធីលំដាប់ថ្នាក់ពិភពលោក «American’s Got Talent 2018» នេះ លោក Shin Lim ត្រូវបានគេសង្កេតឃើញថា តែងតែលើកយកនូវវិញ្ញាសារប្លែកៗ និងចាប់អារម្មណ៍ មកសម្តែងជាមួយនឹងទេពកោសល្យ​នៃការឆ្ពិនភ្នែក។ អ្វីដែលពិសេស រាល់វគ្គលោកសម្តែងបានយ៉ាងស្ទាត់ជំនាញ ដោយគ្មានការធ្វេសប្រហែសនោះទេ បើនិយាយឱ្យចំគឺមានការប្រុងប្រយ័ត្នខ្ពស់តែម្តង។

ក្រៅពីលោក Shin Lim ជាប់ចំណត់ថ្នាក់លេខ១ ទទួលបានរង្វាន់ជាទឹកប្រាក់ចំនួន ១លានដុល្លារ គឺមានក្រុមរាំមួយទៀត​ទទួលបានចំណាត់ថ្នាក់លេខ២ គឺមានឈ្មោះថា ក្រុម «Zurcaroh»។ ទន្ទឹមគ្នានេះ អ្នកលេងសៀកដ៏មានទេពកោសល្យ Shin Lim បានផ្តួលបេក្ខជនប្រកួតប្រជែងចំនួន ៩ក្រុមមកហើយ ក្នុងអំឡុងវគ្គចុងក្រោយនៃរដូវកាលទី ១៣ កាលពី​ថ្ងៃពុធកន្លងទៅថ្មីៗនេះ ខណៈលោកទទួលបានសំឡេងច្រើនជាងគេ បន្ទាប់ពីការបង្ហាញការសម្តែងផ្ទាល់កាលពីថ្ងៃអង្គារ៕