(មេនឆេស្ទើ)៖ កីឡាករខ្សែបម្រើប្រយុទ្ធ Paul Pogba បានស្ថិតក្នុងចំណោមកីឡាករ៣នាក់ដែលស៊ុតបញ្ចូលទីបាន ២គ្រាប់នៅថ្ងៃបើកឆាកព្រឹត្តិការណ៍ពានរង្វាន់អឺរ៉ុប UEFA Champions League រដូវកាលថ្មីឆ្នាំ២០១៨-២០១៩ ក្នុង ជំនួបដែលជួយឲ្យ Manchester United យកឈ្នះម្ចាស់ផ្ទះ Young Boys ៣-០ កាលពីរាត្រីថ្ងៃព្រហស្បតិ៍ ទី២០ ខែកញ្ញា។

គ្រាប់ទី១ របស់ Paul Pogba បានកើតឡើងនៅនាទីទី៣៥ និងនាទីទី៤៤ មុនពេលបញ្ជូនបាល់ឲ្យមិត្តរួមក្រុម Anthony Martial ស៊ុតបាន ១គ្រាប់នាទីទី៦៦ ទៀតផងនោះ។

សម្រាប់កីឡាករ ២នាក់ដែលបានរកបាន ២គ្រាប់ផងដែរនោះរួមមាន Miralem Pjanic ជនជាតិបូស្នី របស់ក្លឹបសេះបង្កង់ Juventus និងកីឡាករ Michael Krmencik ជនជាតិឆេក របស់ក្លឹប Viktoria Plzen ខណៈ Lionel Messi ជនជាតិអាហ្សង់ទីន របស់ក្លឹប FC Barcelona កំពុងឈរនៅកំពូលតារាង តាមរយៈរកបាន ៣គ្រាប់ច្រើនជាងគេ។

គួរបញ្ជាក់ផងដែរថា នេះជាការប្រកួតក្នុង UEFA Champions League វគ្គសន្សំពិន្ទុក្នុងពូល ជើងទី១ ជាមួយ Man Utd មាន ៣ពិន្ទុស្មើគ្នាជាមួយក្លឹប Juventus ខណៈក្លឹប Valencia និង Young Boys មិនមានពិន្ទុរាប់នោះទេ៕