(ភ្នំពេញ)៖ ស្វាមីគ្រប់រូប ប្រាកដជាមានភាពសប្បាយរីករាយក្រៃលែង និងមានមោទនភាពខ្លាំង ពេលឃើញភរិយារបស់ខ្លួន ជានារីក្លាហាន មានប្រាជ្ញាចេះបង្កើតមុខរបរផ្ទាល់ខ្លួន រហូតខ្លះទៀតធ្វើជាសហគ្រិនទាំងវ័យក្មេងទៀតផង។ ដោយឡែក​តារាចម្រៀងប្រុសប្រចាំផលិតកម្មសាន់ដេ លោក ឆាយ វីរៈយុទ្ធ ដែលមានភរិយាដ៏ស្រស់ស្អាត មានចំណេះដឹងហើយ​នោះហើយបានក្លាយជាសហគ្រិននារីកម្ពុជាវ័យក្មេង ត្រូវបានជ្រើសរើស ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក។

 កាលពីប៉ុន្មានម៉ោងមុន តារាប្រុសម្ចាស់បទ «គេមិនបានស្រឡាញ់យើងទេ» រូបនេះ បានបង្ហាញប្រាប់ទស្សនិកជនគ្រប់គ្នា តាមរយៈបណ្តាញសង្គម ពីមោទនភាពដែលខ្លួនមាន ខណៈកំពុងជូនដំណើរភរិយាឡើងយន្តហោះ ទៅអាមេរិក។

បន្ទាប់ពីលោក ឆាយ វីរៈយុទ្ធ បង្ហាញរូបភាពជាមួយក្រុមគ្រួសារ និងភរិយាជាទីស្រឡាញ់​របស់លោក អ្នកនាង សែ ចាន់ឌី អំឡុងពេលជូន ដំណើរភរិយារូបនេះ ឡើងយន្តហោះទៅអាមេរិក ដោយភ្ជាប់ជាមួយនឹងសារយ៉ាងដូច្នេះថា «ជាមោទនភាពណាស់ ដែលភរិយារបស់ខ្ញុំ ជាសហគ្រិននារីកម្ពុជាវ័យក្មេង ត្រូវបានជ្រើសរើស ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ឲ្យចូលរួមក្នុងកម្មវិធី ទស្សនកិច្ចអ្នកដឹកនាំអន្តរជាតិ (IVLP)។ ជូនពរអូនសម្លាញ់​ជោគជ័យ សុខសប្បាយទាំងទៅទាំងមកណា ប្រពន្ធសម្លាញ់ Se Chandy»

ជាមួយនឹងការជោគជ័យ ទាំងការងារសិល្បៈ និងជីវិតគ្រួសារពីសំណាក់ តារាចម្រៀងប្រុសលោក ឆាយ វីរៈយុទ្ធ នៅពេលនេះគឺបានធ្វើឲ្យទស្សនិកជន កោតសរសើរជាខ្លាំងថា លោកពិតជាមានទេពសកោសល្យ អាចស្វែងរកភរិយាល្អ មានទាំងសម្រស់ និងចំណេះដឹងផ្នែកជំនួញទៀតផង។

គួរបញ្ជាក់ លោក ឆាយ វីរៈយុទ្ធ និងភរិយាបានចាប់ដៃគ្នាសាងគ្រួសារជិតពីរឆ្នាំមកហើយ៕