(ភ្នំពេញ)៖ តារាសម្តែង និងជាពិធីការិនី កញ្ញា ឌួង ហ្សូរីដា ជាថ្មីម្តងទៀត បានលើករំឭកអំពីរឿងរ៉ាវរបស់ខ្លួន ដែលត្រូវចោរ លួចដោះយកស្លាកលេខរថយន្ត ទាំងកណ្តាលអាធ្រាត្រ កាលពីពេលថ្មីៗកន្លងមកនេះ។ ការរំឭកលើករណីចោរលួច​ ស្លាកលេខរថយន្តនេះបានធ្វើឡើង បន្ទាប់ពីមានការចុះផ្សាយដំណឹង នៃការលួចស្លាកលេខរថយន្តស្រដៀងគ្នា នឹងករណីរបស់នាងផងដែរ។

ពិធីការិនីចាស់វស្សា ឌួង ហ្សូរីដា  ត្រូវបានគេកត់សម្គាល់ថា នាងមិនត្រឹមតែលើឡើង អំពីករណីដែលខ្លួនសង្ស័យថា ក្រុមចោរដែលលួចស្លាកលេខរថយន្ត របស់នាង គឺជាបក្សពួកតែមួយនៃចោរ ជិះម៉ូតូរ៉ឺម៉កកង់បីឥណ្ឌា មកលួចរបស់ប្រជាពលរដ្ឋនោះទេ គឺតារាស្រីរូបនេះថែមទាំងបាន ធ្វើការរិះគន់យ៉ាងចំៗចំពោះភាពអសកម្ម លើការអនុវត្តច្បាប់របស់មន្រ្តីប៉ូលិសនៅតាម មូលដ្ឋានខណ្ឌ​នីមួយៗទៀតផង។

តារាស្រី ឌួង ហ្សូរីដា បានលើកឡើងថា «សង្ស័យតែអាពួកចោរតែមួយ ដែលលួចស្លាកលេខឡានខ្ញុំហ្នឹងឯង ..!។ គួរអញ្ជើញគាត់ចូលសំរាន្ត ​ក្នុងគុកម្តងទៅ លោកប៉ូលីសដូចជា មិនបានធ្វើការសោះ ប្តឹងបានតែប្តឹង តែគ្មានចំណាត់ការ តើឲ្យប្រជាជនរំពឹងលើអ្វីទៅ? អ៊ីចឹងហើយបានជា មានប្រជាជនមួយចំនួននាំគ្នា និយាយថា ចោរនិងប៉ូលិស រកស៊ីតែជាមួយគ្នា​ហ្នឹងឯង»

តារាសម្ដែង ដែលហាក់កើតទុក្ខមិនសុខចិត្ត នឹងលោកចោរហារយទាំងនោះ កញ្ញា ឌួង ហ្សូរីដា បានបន្ថែមថា «សម្តេច លោកខិតខំខ្លាំង​ណាស់ ក្នុងការជួយរាល់ទុក្ខលំបាករបស់ប្រជាជនគ្រប់ស្រទាប់ ហើយអាណត្តិនេះលោកនឹងធ្វើការដុសខាត់មន្រ្តី មិនបានបំរើរាស្រ្តពិតប្រាកដ​ទៀត។ សង្ឃឹមថាលោកប៉ូលិស អសកម្មតាមសង្កាត់ និងខណ្ឌមួយចំនួន មេត្តាភ្ញាក់រឭក ធ្វើការខ្លះផងទៅ កុំដូចករណីយើងទៅប្តឹង មានកាមេរ៉ាសកម្មភាពចោរ​បង្ហាញហើយ គាត់ធ្វើព្រងើយ មិនសួរនាំបន្ថែម គ្រាន់តែបំពេញពាក្យបណ្តឹងហើយចប់។ តើឲ្យប្រជាជនរំពឹងអ្វីទៅ លោកពូប៉ូលិសអើយ»

សូមរំឭកថា ករណីចោរលួច ចោរឆក់ នៅតែកើតមានជារឿយៗ ក្នុងទីក្រុងភ្នំពេញ ដែលអាជ្ញាធរ គួរតែយកចិត្តទុកដាក់ឲ្យខ្លាំងក្លាបន្ថែមទៀត។ ជាក់ស្ដែងមានអ្នកសិល្បៈ ក៏ដូចជាបងប្អូន ប្រជាពលរដ្ឋទូទៅជាច្រើន បានជួបប្រទះលើបញ្ហានេះ ជាញឹកញាប់ ហើយពួកគាត់ហាក់អស់ជំនឿ លើការអនុវត្តន៍ច្បាប់ របស់មន្ត្រីសមត្ថកិច្ច រហូតមានអ្នកខ្លះ សម្រេចចិត្តកាត់សេចក្ដីដោយខ្លួនឯង ដោយបានប្រើហិង្សាតាមកំហឹងរបស់ខ្លួន មុននឹងប្រគល់ជនសង្ស័យ ជូនសមត្ថកិច្ច ទៀតផង៕