(ភ្នំពេញ)៖ ក្នុងអំឡុងខែឧសភានេះ ធនធានសិល្បៈឆ្នើមៗរបស់កម្ពុជា ដល់ទៅ៦រូប បានទទួលមរណភាពផ្ទួនៗគ្នា គឺលោកព្រឹទ្ធាចារ្យ ព្រឿង ព្រួន, លោកគ្រូ យិន យាន, លោកសាស្ត្រាចារ្យ ហ៊ឹម ឆែម, លោកសាស្ត្រាចារ្យ ទិត្យ សែនអ្នកគ្រូ សារី ហួច និងលោកស្រី ចាន់ ស៊ីណា។ ការបាត់បង់ព្រឹទ្ធាចារ្យសិល្បៈ៦រូបខាងលើ បានធ្វើឲ្យកូនខ្មែរគ្រប់រូប ជាពិសេស សិស្សៗ និស្សិតអ្នកសិល្បៈជំនាន់ក្រោយ ដែលធ្លាប់ទទួលការបង្ហាត់បង្រៀនពីព្រឹទ្ធាចារ្យទាំងអស់នោះ មានការសោកស្តាយជាខ្លាំង ព្រោះជាការបាត់បង់ធនធានអ្នកសិល្បៈដ៏កម្ររបស់កម្ពុជា ដែលមានវិជ្ជាជីវៈ និងជំនាញផ្នែកសិល្បៈបុរាណច្រើនឆ្នាំមកហើយ។

ទី១៖ លោកព្រឹទ្ធាចារ្យ ព្រឿង ព្រូន គោរម្យងារ ម៉ឺនសំនៀងថ្នាក់លេខ២ ឯកទេសរនាតឯក ដ៏ល្បីឈ្មោះតាំងពីសម័យសង្គមរាស្រ្តនិយម។ លោក គឺជាវីរៈសិល្បករបុរាណផ្នែកតន្ត្រី ពិណពាទ្យព្រះរាជទ្រព្យ ប្រចាំព្រះបរមរាជវាំង។ លោក បានទទួលមរណភាព នៅថ្ងៃច័ន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២០។ ការទទួលមរណភាពរបស់លោក មិនត្រូវបានបញ្ជាក់ដោយសារជំងឺអ្វីឡើយ។

ទី២៖ លោកគ្រូ យិន យាន៖ លោក គឺជាសាស្ត្រាចារ្យ ផ្នែកកំណាព្យ និងស្មូតកំណាព្យ នៅសាលាមធ្យមវិចិត្រសិល្បៈ និងជាជំនួយការក្រសួងវប្បធម៌។ លោក បានទទួលមរណភាព នៅថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង២រសៀល ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ។ ការបាត់បង់ លោកគ្រូ យិន យាន គឺជាការបាត់បង់ធនធានវប្បធម៌ជាតិ ផ្នែកសិល្បៈកំណាព្យ និង ទម្រង់បាសាក់ ដ៏កម្រ។

ទី៣៖ លោកសាស្ត្រាចារ្យ ហ៊ឹម ឆែម អតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ លោក បានទទួលមរណភាពថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នៅវេលាម៉ោង ១០៖៥៥នាទីព្រឹក ក្នុងជន្មាយុ ៨២ឆ្នាំ។ លោក ហ៊ឹម ឆែម គឺជាឥស្សរជនមួយរូបដ៏ឆ្នើម ដែលបានកសាងសមិទ្ធផលជូនជាតិឥតគណនា ពិសេសក្នុងបេសកកម្មលើកស្ទួយវិស័យវប្បធម៌។

ទី៤៖ លោក សាស្ត្រាចារ្យ ទិត្យ សែន គឺជាវីរៈសិល្បករល្ខោនខោលមួយរូប។ លោកបានទទួលមរណភាពនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ ដោយរោគាពាធ។ លោកគ្រូ មានភាពប៉ិនប្រសប់ក្នុងការសម្តែង និងតំឡើងស្នាដៃល្ខោនខោល។ ការបាត់បង់លោកសាស្ត្រាចារ្យ ទិត្យ សែន គឺជាការបាត់បង់អ្នកជំនាញផ្នែកល្ខោនខោលខ្មែរ ដ៏កម្រមួយរូប ក្នុងវិស័យសិល្បៈរបស់កម្ពុជា។

ទី៥៖ អ្នកគ្រូ សារី ហួច មានតួនាទី ជាអនុប្រធាន នៅផ្នែកការិយាល័យសិក្សា នៃសាកលវិទ្យាល័យភូមិន្ទ វិចិត្រសិល្បៈ។ លោកស្រី បានទទួលមរណភាពនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។ ការទទួលមរណភាពរបស់អ្នកគ្រូ សារី ហួច មិនត្រូវបានបញ្ជាក់ដោយសារអ្វីឡើយ។

ទី៦៖ លោកស្រី ចាន់ ស៊ីណា ជាមន្ត្រីនាយកដ្ឋានសិល្បៈទស្សនីយភាព និងជាអតីតសិល្បការិនី ផ្នែករបាំបុរាណ។ លោកស្រី បានទទួលមរណភាព នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០។

គួរជម្រាបថា ការបាត់បង់សាស្ត្រាចារ្យទាំង៦រូប គឺ លោកសាស្ត្រាចារ្យ ព្រឿង ព្រួន, លោកគ្រូ យិន យាន, លោកសាស្ត្រាចារ្យ ហ៊ឹម ឆែម, លោកសាស្ត្រាចារ្យ ទិត្យ សែន, អ្នកគ្រូ សារី ហួច និងលោកស្រី ចាន់ ស៊ីណា បានធ្វើឲ្យកូនខ្មែរគ្រប់រូប និងសិស្សានុសិស្ស ផ្នែកសិល្បៈបុរាណមានការសោកស្តាយ ស្រណោះ អាឡោះអាល័យ សង្វេគ រកទីបំផុតគ្មាន ព្រោះថា ការបាត់បង់នេះ ជាការបាត់បង់ធនធានមនុស្ស និងជាវិស្វករព្រលឹងយ៉ាងកម្ររបស់កម្ពុជា។ អ្នកទាំង៦ បានបង្ហាត់បង្រៀនកូនខ្មែរមិនតិចនាក់នោះទេ ពីទម្រង់សិល្បៈវប្បធម៌របស់ខ្មែរ ដែលដូនតាបានបន្សល់ទុក ឲ្យ ក្មេងៗជំនាន់ក្រោយជាអ្នកបន្តវេន និងបន្តផ្សព្វផ្សាយ ទៅកាន់ឆាកអន្តរជាតិ៕