(ភ្នំពេញ)៖ តារាចម្រៀងស្រី​រូបស្រស់ ប្រចាំផលិតកម្ម សាន់ដេ កញ្ញា វីរៈ និច្ច គេសង្កេតឃើញថា នាងកំពុង​ទទួលបាននូវការចាប់អារម្មណ៍ខ្លាំង ពីបណ្ដាយុវវ័យ នាពេលបច្ចុប្បន្ន តាមរយៈបទចម្រៀង បែបមនោសញ្ចេតនា និងញាក់កន្រ្តាក់អារម្មណ៍​។ ទន្ទឹមនឹងការទទួលបាននូវប្រជាប្រិយភាព និងការចាប់អារម្មណ៍ខ្លាំង ទៅលើបទចម្រៀងហើយនោះ វីរៈ និច្ច កាន់តែទទួលបានូវការស្រឡាញ់​ពេញចិត្ត និងកោតសរសើរកាន់តែខ្លាំង ទៅលើរូបសម្រស់ដ៏ស្រស់ផូរផង់ ពីធម្មជាតិ របស់នាងតែម្ដង។ តែពេលនេះអ្វីដែលកាន់តែចាប់អារម្មណ៍ទៀតនោះ គឺសារដែលបង្ហោះលើហ្វេសប៊ុក អធិប្បាយពីពាក្យ «ភាពស្មោះត្រង់» បង្ក​ការចាប់អារម្មណ៍ ពីអ្នកលេងបណ្តាញសង្គម។

តាមរយៈសារ Instagram កញ្ញា វីរៈ និច្ច បានលើកឡើងថា «កូនសោរឆ្ពោះទៅរកភាពជោគជ័យក្នុងអាជីវកម្ម និងក្នុងជីវិត គឺភាពស្មោះត្រង់ សមត្ថភាពក្នុងការទទួលយក និងផ្តល់នូវមតិយោបល់ ដែលមានចេតនាល្អ និងមានភាពរឹងមាំនៃចរិតលក្ខណៈ និងជំនឿចិត្តលើគោលការណ៍ របស់មនុស្សម្នាក់‍»។​

តាមរយៈសារប៉ុន្មានឃ្លារនេះ គេមិនដឹងនោះទេថា តើពេលនេះ តារាស្រីសាច់សខ្ចី វីរៈ និច្ច កំពុងមានរឿងអ្វីក្នុងចិត្តនោះ ខណៈអត្ថន័យសាររបស់នាង គឺត្រូវបានទស្សនិកជនសន្និដ្ឋានថា ជាការលើកទឹកចិត្ត និងដាស់អារម្មណ៍ ដល់មនុស្សគ្រប់រូប ឲ្យមានភាពស្មោះត្រង់ មានភាពរឹងមាំជាដើម ដើម្បីឆ្ពោះទៅរកភាពជោគជ័យ។

គួរបញ្ជាក់ថា វីរៈ និច្ច ជាតារាចម្រៀងស្រី ដែលមានភាពលេចធ្លោ និងមានប្រជាប្រិយភាពក្នុងផលិតកម្ម សាន់ដេ ។ ក្នុងនោះ ស្រីស្អាតរូបនេះ ត្រូវបានគេសម្លឹងឃើញថា នាងមានទាំងព្រមតែម្ដង ក្នុងនាមជាអ្នកសិល្បៈ ពោលគឺមិនត្រឹមតែមានសមត្ថភាព និងមានសំឡេងពីរោះ ស្រទន់ អាចបកស្រាយចម្រៀងបានគ្រប់ប្រភេទ​នោះទេ នាងថែមទាំងមានរូបសម្បត្តិស្រស់សោភា គួរឲ្យគយគន់ថែមទៀតផង៕