(មេនឆេស្ទើ)៖ ក្លិបបាល់ទាត់អាជីព Manchester United បានប្រកាសពីការខាតបង់ទឹកប្រាក់ប្រមាណ ២០លានផោន ស្មើនឹង ២៤លានដុល្លារទៅឲ្យប្រព័ន្ធផ្សព្វផ្សាយវិញ បើទោះបីជាការប្រកួតនឹងត្រឡប់មកវិញក៏ដោយ។

ប្រធានហិរញ្ញវត្ថុក្លិប លោក Cliff Baty បានថ្លែងប្រាប់ BBC ថា បិសាចក្រហមបានត្រៀមទឹកប្រាក់ ២៤លានដុល្លារ ដើម្បីសងទៅក្រុមហ៊ុនទូរទស្សន៍វិញ ចំពោះការរអាក់រអួលនៃការប្រកួត ដោយសារវិបត្តិជំងឺផ្លូវដង្ហើម COVID-19 គិតចាប់តាំងពីពាក់កណ្តាលខែមីនា ឆ្នាំ២០២០ មក ប្រសិនបើការប្រកួតបញ្ចប់ទៅដោយពេញលេញក្នុងរដូវកាលនេះក៏ ដោយ។

លោកបានបញ្ជាក់ថា ត្រឹមតែ ៣ប្រកួតចុងក្រោយនាខែមីនដែលត្រូវបានផ្អាកការប្រកួតនោះ Man Utd បានបាត់បង់ចំណូលប្រមាណ ១០លានដុល្លារ និងបន្តខាតបង់ច្រើនជាងនេះទៀតរហូតដល់ចប់រដូវកាលឆ្នាំ២០១៩-២០២០ នេះ។

បណ្តាក្លិបទាំង២០ ដែលកំពុងលេងនៅ Premier League សុទ្ធតែនៅសល់ ៩ប្រកួត ដើម្បីបញ្ចប់រដូវកាលនេះដូចគ្នា គ្រាដែល Manchester United បានកំពុងឈរនៅលេខរៀងទី៥ បណ្តោះអាសន្នផងដែរ៕