(បរទេស)៖ កម្មវិធីប្រឡងចម្រៀង «The Voice» រដូវកាលទី១៨ របស់អាមេរិក បានឈានដល់វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃអង្ការ៍ ទី១៩ ឆ្នាំ២០២០ ជាមួយនឹងរកឃើញម្ចាស់ជ័យលាភីដែលជាបុរស មានទឹកដមសំនៀងយ៉ាងពិរោះ។ លោក Todd Tilghman ក្លាយជាម្ចាស់ពានរង្វាន់ ក្នុងរដូវកាលទី១៨នេះ តាមរយៈការបកស្រាយចម្រៀងដ៏មានអត្ថន័យជាច្រើនបទ ដែលត្រូវនឹងស្ថានការណ៍បច្ចុប្បន្ន គឺជាពិសេស គឺ Original Song របស់លោក មានចំណងជើងថា «Long Way Home»។

ទឹកដមសំនៀងរបស់ Todd បានអន្ទងចិត្តគណៈកម្មការទាំង៤រូប ឲ្យចុចកៅអីបង្វែរមករូបគេ ដោយមិនស្ទាក់ស្ទើរឡើយ ក្នុងវគ្គដំបូង តាមរយៈបកស្រាយបទ «We've Got Tonight» របស់ Bob Seger។ បន្តពីមួយវគ្គទៅមួយវគ្គ Todd បានទាយការចាប់អារម្មណ៍ជាច្រើនពីអ្នកគាំទ្រ រហូតដល់វគ្គផ្តាច់ព្រ័ត្រ គឺទទួលបានសំឡេងបោះឆ្នោតគាំទ្រពីអាមេរិ និងបានយកឈ្នះលើបេក្ខភាព៤រូបផ្សេងទៀតក្នុងវគ្គផ្តាច់ព្រ័ត្រគឺ Thunderstorm Artis, Micah Lverson, CammWess, និង Toneisha Harris។

គួរជម្រាបថា កម្មវិធី «The Voice» រដូវកាលទី១៨ របស់អាមេរិក គឺត្រូវបានធ្វើឡើងតាមរយៈអនឡាញ។ ក្នុងនោះ បេក្ខភាពនីមួយៗ ច្រៀងចេញពីផ្ទះរៀងខ្លួន ដើម្បីឲ្យគណៈកម្មការ និងទស្សនិកជនបានទស្សនា។ កម្មវិធីនេះ គឺបានសហការណ៍ផ្សាយផ្ទាល់ចេញពីទូរទស្សន៍ NBC៕