(បរទេស)៖ សមាជិកប្រុស៤រូប មកពីក្រុមចម្រៀងផ្សេងៗគ្នា មានដូចជា Jongkook (BTS), Cha Eun Woo (ASTRO), Jaehyun (NCT), និង Mingyu (SEVENTEEN) ត្រូវបានសារព័ត៌មាន Dispatch រាយការណ៍ឲ្យដឹងថា ពួកគេទាំង៤នាក់បានបំពានបំរាមគម្លាតសង្គម ដោយចំណាយពេលមួយរាត្រីនៅ Itaewon ដែលជាតំបន់ កំពុងផ្ទុះនូវរលកទី២ នៃការរាតត្បាត Covid-19។ នេះបើតាមការចេញផ្សាយ Soompi នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០។

យោងតាម Dispatch តារាទាំង៤នាក់ខាងលើ បានដើរកំសាន្ត នៅតំបន់ Itaewon នាល្ងាចថ្ងៃទី២៥ រហូតដល់ព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០។ ចន្លោះពេលដែលតារាប្រុសទាំង៤ មានវត្តមាននៅតំបន់ Itaewon គឺចំពេលដែល អាជ្ញាធរកូរ៉េខាងត្បូងរកឃើញមាន ករណីឆ្លង Covid-19 ជាចង្កោម បន្ទាប់ពីបាន ដើរលេងនៅ តំបន់ Itaewon ដូចគ្នា។ បន្ទាប់ពី ករណីខាងលើត្រូវបានប្រកាស ការិយាល័យកណ្តាលវិធានការ ការពារគ្រោះមហន្តរាយ និងសុវត្តិភាព (CDSCHQ) បានស្នើរឲ្យប្រជាជនទាំងអស់ ដែលបានទៅកំសាន្ត នៅ Itaewon រួមមាន ដូចជា ក្លឹប បារ និងកន្លែងផ្សេងៗទៀត នៅចន្លោះពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមេសា កុំចាកចេញពីផ្ទះឲ្យសោះ។

របាយការណ៍មួយបានឲ្យដឹងថា មានតារាកូរ៉េជាច្រើនរូប ត្រូវបានគេប្រទះឃើញនៅតំបន់ Itaewon តែឈ្មោះរបស់ពួកគេមិនត្រូវបាន បង្ហាញឲ្យដឹងនោះទេ ហើយទីភ្នាក់ងាររបស់ពួកគេ បាននិយាយថា ពួកយើង មិនអាចបញ្ជាក់ទេថា វាជាការពិតឬអត់ ព្រោះវាជារឿងផ្ទាល់ខ្លួនសិល្បករ។

បន្ទាប់ពី សារព័ត៌មាន Dispatch បានរាយការណ៍ពីឈ្មោះតារា ដែលបានទៅកំសាន្ត នៅ Itaewon ទីភ្នាក់ងាររបស់ពួកគេ មានដូចជា JongKook, Cha Eun Woo, Jaehyun និង Mingyu នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ នេះ បានទទួលស្គាល់ថា ព័ត៌មានខាងលើជាការពិត។ ហើយអ្នកទាំងបានធ្វើតេស្ត អវិជ្ជមាន Covid-19 និងសូមអភ័យទោសដល់សាធារណជនទាំងអស់ នូវការបំពានបំរាម គម្លាតសង្គម។ លើសពីនេះពួកគេទាំង៤ ពិតជាសោកស្តាយចំពោះកំហុសឆ្គងនេះខ្លាំងណាស់ និងមិនឲ្យមានលើកក្រោយទៀតទេ៕