(ភ្នំពេញ)៖ អតីតតារាសម្ដែងធ្លាប់មានឈ្មោះល្បី កញ្ញា ហេង សុជាតា ដែលបានវិវត្តន៍ខ្លួន ក្លាយទៅជានារីអាកាសចរ (នារីអូតេស) បានទម្លាយពីបញ្ហាប្រឈមនានា ​និងការបាត់បង់ចំណូល ​ជាមួយនឹងមុខអាជីពរបស់នាង ជួបប្រទះជារៀងរាល់ថ្ងៃ ដោយសារតែនាងបម្រើការងារលើយន្តហោះ ត្រូវជួបនឹង​ការប្រាស្រ័យទាក់ទង ជាមួយ​ភ្ញៀវមកពីគ្រប់បណ្ដាប្រទេសជាច្រើន ជុំវិញពិភពលោក ធ្វើឲ្យនាងមានការប្រឈមមុខខ្លាំង ទៅនឹងការងារឆ្លងជំងឺកូវីដ១៩ បើសិនជាមានភ្ញៀវណាម្នាក់ មានផ្ទុកវីរុសនេះ។

អតីតតារាសម្ដែង កញ្ញា ហេង សុជាតា បានថ្លែងប្រាប់ Fresh News និង Khmer Talking តាមសារអេឡិចត្រូនិចឲ្យដឹងថា ចាប់តាំងពីមានការរីករាលដាលនៃជំងឺកូវីដ១៩ នេះមក ធ្វើឲ្យនាងមានផលប៉ះពាល់ និងមានបញ្ហាប្រឈមយ៉ាងខ្លាំង ចំពោះការងារ និងប្រាក់ចំណូល ព្រោះតែការថយចុះនៃជើងហោះហើរ ដោយសារតែភ្ញៀវគ្រប់បណ្ដាប្រទេស មិនមានការធ្វើដំណើរមមាញឹកដូចមុន ​ដោយគ្រប់គ្នាភ័យខ្លាចឆ្លងកូវីដ១៩។ ម្យ៉ាងទៀត គ្រប់ព្រលានយន្តទូទាំងប្រទេសភាគច្រើន គឺសុទ្ធតែមានការបិទជើងហោះហើរ មិនឲ្យភ្ញៀវទេសចរពីប្រទេសផ្សេង ចូលក្នុងប្រទេស ជាវិធានការទប់ស្កាត់នៃការឆ្លងវីរុសកូវីដ​១៩។

ស្រីស្អាត ហេង សុជាតា បន្ថែមថា ពេលមានការបិទជើងយន្តហោះ បុគ្គលិកបម្រើការលើយន្តហោះ ដូចជារូបនាងជាដើម ត្រូវបានកាត់បន្ថយដូចគ្នា នៃការចេញហោះហើរ និងបម្រើការងារ។ ​នារីអាកាសចរមួយចំនួនធំ ត្រូវខាងក្រុមហ៊ុន ផ្អាកឲ្យ​សម្រាកនៅផ្ទះ និងមានមួយចំនួនតូចប៉ុណ្ណោះ ដែលត្រូវធ្វើការធម្មតា ជាហេតុធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ប្រាក់ចំណូលប្រចាំខែរបស់នាង។ សុជាតា បញ្ជាក់ថា ​បើសិនជាដល់ពេល​ត្រូវចូលបម្រើការវិញ នាងថា ក៏មិនមានជើងយន្តហោះត្រូវចេញហោះហើរច្រើន ដូចមុននោះដែរ គឺនាងមានតែក្ដីសង្ឃឹមថា ជំងឺឆ្លងកូវីដ១៩ នឹងរលាយបាត់ពីលើពិភពលោកនេះឆាប់ៗ នឹងអាចឲ្យប្រជាជន រួមទាំងនាង មានការងារធ្វើច្រើនដូចមុន ដើម្បីបានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ។

អតីតតារាសម្ដែង​ ហេង សុជាតា ក៏បានបង្ហាញពីក្ដីព្រួយបារម្ភ យ៉ាងខ្លាំងពីសំណាក់ក្រុមគ្រួសារ ក្នុងពេលកំពុង​បំពេញការងារលើយន្តហោះ ក្នុងរដូវកាលកូវីដ១៩ ពោលគឺនាងមានការភ័យខ្លាច និងបារម្ភ ពេលទៅធ្វើការ និងត្រឡប់ចូលផ្ទះវិញ បែរជានាំជំងឺឆ្លងទៅកាន់ក្រុមគ្រួសារ ជាថាហេតុ។ ដូច្នេះត្រូវតែមានការការពារ ជាចាំបាច់ទៅលើខ្លួនឯង ដូចជាមានការពាក់ម៉ាស់ការពារ និងលាងដៃឲ្យបានញឹកញាប់ជាមួយអាល់កុល ដើម្បីសម្លាប់មេរោគ។

ជាមួយនឹងក្ដីបារម្ភចំពោះខ្លួនឯង និងគ្រួសារ ស្រីស្អាត ហេង សុជាតា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស សូម​មានការប្រុងប្រយ័ត្ន និងចេះការពារខ្លួន ការពារក្រុមគ្រួសារ ដូចជាពាក់ម៉ាស់ និងលាងដៃឲ្យបានញឹកញាប់ ដើម្បីជៀសវាងការឆ្លងនៃជំងឺផ្សេងៗ ជាពិសេស គឺជំងឺកូវីដ១៩នេះតែម្ដង។

សូមបញ្ជាក់ថា សម្រាប់អតីតតារាសម្ដែង​ ហេង សុជាតា ដែលពេលមាននេះ មានឈ្មោះជានារីអាកាសចរ ត្រូវបាននាងអះអាងថា នៅក្នុងខែមេសា ឆ្នាំ២០២០នេះ រូបនាងបានផ្អាកការងារបណ្ដោះអាសន្នរយៈពេល១ខែ ដោយនៅក្នុងខែឧសភា នាងនឹងចូលបម្រើការងារ លើយន្តហោះវិញធម្មតា។ ប៉ុន្តែបើស្ថានភាពជំងឺកូវីដ១៩នៅតែបន្ត នាងអាចប្រឈមមុខក្នុងការផ្អាកបន្ថែមទៀត​៕