(សេអ៊ូល)៖ យោងតាមសារព័ត៌មានកូរ៉េខាងត្បូងបានចុះផ្សាយថា ពិធីករទូរទស្សន៍ប្រចាំកម្មវិធី «The Show» គឺលោក Kim Min Kyu ត្រូវបានធ្វើតេស្តអវិជ្ជមានចំពោះកូវីដ១៩។ ប៉ុន្តែលោក នៅតែដាក់ឲ្យនៅដាច់ដោយឡែកពីគេ ដើម្បីធានាសុវត្ថិភាព។

នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ (ម៉ោងនៅកូរ៉េ) Jellyfish Entertainment ដែលជាភ្នាក់ងាររបស់ពិធីករប្រុស Kim Min Kyu បានឲ្យដឹងថា បន្ទាប់ពីទៅធ្វើតេស្តកាលពីសប្តាហ៍មុន លោក Kim Min Kyu បានទទួលលទ្ធផលធ្វើតេស្តហើយ ដោយលោកមិនមានផ្ទុកកូវីដ១៩ឡើយ។ ទោះលទ្ធផលបែបនេះក្តី លោកនៅតែស្ថិតនៅដោយឡែកពីគេឯង ដើម្បីធានានូវសុវត្ថិភាព។

គួរជម្រាបថា លោក Kim Min Kyu ត្រូវបានគេដឹងថា ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សជាច្រើនទៀត ដែលត្រូវបានដាក់ឲ្យនៅ ដាច់ដោយឡែក បន្ទាប់ពីមានទំនាក់ទំនងជាមួយបុគ្គលិករបស់ក្រុមហ៊ុន Yue Hua Entertainment ដែលបច្ចុប្បន្នកំពុងមានផ្ទុកកូវីដ១៩ចំនួន២នាក់ បន្ទាប់ពីពួកគេបានចូលរួមក្នុងកម្មវិធីទូរទស្សន៍ «The Show» ជាមួយគ្នា។