(ម៉ាឌ្រីដ)៖ ក្លិប Real Madrid របស់អេស្ប៉ាញ ដែលមានលោក Florentino Perez ជាប្រធាននោះ បានកំពុងតែមានការចាប់អារម្មណ៍ក្នុងការនាំយកខ្សែប្រយុទ្ធ Harry Kane នៃក្លិប Tottenham Hotspur របស់អង់គ្លេស តែបញ្ហានេះកំពុងស្ថិតក្នុងភាគរយតិចលើកិច្ចព្រមព្រៀង សម្រាប់ការផ្លាស់ប្តូរនៅទីផ្សារដោះដូរនៅរដូវក្តៅក្រោយ។ នេះបើតាមការចេញផ្សាយដោយ Sport.es នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០។

Kane បានស្ថិតក្នុងគោលដៅរបស់អ្នកចាត់ការទូទៅក្រុម Real Madrid លោក Zinedine Zidane ក្នុងការស្វែងរកខ្សែប្រយុទ្ធមកបន្ថែមនៅរដូវកាលក្រោយ ខណៈកីឡាករ Luka Juvic បានបរាជ័យលើទម្រង់លេងរបស់គេក្នុងក្រុមអធិរាជស តែនេះជាជម្រើសដ៏ស្មុគស្មាញមួយក្នុងការចរចាដោយក្លិប Tottenham ដែលមានលោក Jose Mourinho ជាគ្រូបង្វឹក និងលោក Daniel Levy ប្រធានក្លិបបានចាត់ទុកខ្សែប្រយុទ្ធ Kane ជាផ្នែកសំខាន់របស់ពួកគេ។

ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស មានវ័យ ២៦ឆ្នាំ Harry Kane មានកិច្ចសន្យារហូតដល់ឆ្នាំ២០២៤ ជាមួយក្លិប Tottenham ដោយរូបគេរកបាន ១៨១គ្រាប់ ក្នុងចំណោម ២៧៨ប្រកួតជាមួយក្រុមមាន់ខ្នាយមាស ខណៈ Premier League រដូវកាលនេះ រកបាន ១១គ្រាប់៕