(ភ្នំពេញ)៖ ជាការពិត មហាជនដែលនិយមដើរកំសាន្តនាពេលរាត្រី ប្រាកដជាស្គាល់ឌីជេ Vini ច្បាស់ហើយ។ នាង​មានអាជីពនេះជាច្រើនឆ្នាំ​ ទឹកដៃចាក់ភ្លេងគួរជាទីចាប់អារម្មណ៍ ហើយក៏មានប្រជាប្រិយភាព ក្នុងសង្គមឌីជេផងដែរ។ តាមរយៈការចូលរួមធ្វើជាតារាកិត្តិយស ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» ឌីជេ Vini បានបង្ហាញពីភាពជោគជ័យជាច្រើន ក្នុងអាជីពជាឌីជេ តែក្នុងនោះ​ ​នាងក៏​ប្រឈមមុខនឹងបញ្ហា​ជាច្រើន ដូចជា បញ្ហាសុវត្ថិភាព និង​បញ្ហាផ្សេងៗទៀត ក្នុងនាមជាឌីជេស្រី នាពេលរាត្រី។

តាមរយៈការចូលរួមធ្វើ ជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» ពីទូរទស្សន៍ Fresh News ឌីជេ Vini បានថ្លែងឲ្យដឹងថា នាងបានចាប់អាជីពជាឌីជេជាង៦ឆ្នាំមកហើយ ហើយក៏ទទួលបាននូវបទពិសោធន៍ និងជោគជ័យខ្លាំងផងដែរ។ យ៉ាងណាមិញ អាជីពជាឌីជេស្រី ធ្វើការចាក់ភ្លេងនៅតាមក្លឹបនាពេលរាត្រី ទម្រាំមានកេរ្តិ៍ឈ្មោះ និងជោគជ័យដូចបច្ចុប្បន្ន ឌីជេ Vini បានឆ្លងកាត់នូវរឿងរ៉ាវ និងបញ្ហាប្រឈមជាច្រើនដែលទស្សនិកជន​ អាចនឹងមិនទាន់ដឹង។

នាងបន្តថា បញ្ហាចម្បងនោះ គឺទាក់ទង​ទៅនឹងបញ្ហាសុវត្ថិភាព ក្នុងក្លឹបកម្សាន្ត គឺជាទូទៅក្លឹបតែងតែបើកនៅពេលយប់ និងបញ្ចប់នៅម៉ោង៣ ឬ៤ ភ្លឺ ទៅតាមក្លឹបកម្សាន្តនីមួយៗ ដូច្នេះហើយនៅក្នុងការធ្វើដំណើរ ទៅផ្ទះនៅតាមដងផ្លូវ ខ្លួនជាស្រី តែងមានការភ័យខ្លាចជួបបញ្ហាផ្សេងៗ។ មួយវិញទៀត ទាក់ទងទៅនឹងសុខភាព គឺត្រូវស៊ាំទៅនៅភាពអត់ងងុយជាដើម ព្រោះត្រូវចេញធ្វើការតែពេលយប់ នៅត្រូវត្រឡប់ទៅផ្ទះវិញ ពេលទាបភ្លឺ។ ម្យ៉ាងទៀតធ្វើជាឌីជេ ចាក់ភ្លេង ធ្វើការក្នុងក្លឹប គឺតែងតែមាន ការញ៉ាំស្រា ឬក៏ត្រូវភ្ញៀវហៅឲ្យជល់កែវ បរិយាសកាសផ្សេងៗនៅក្នុងក្លឹប ក៏ជាបញ្ហាប្រឈមខ្លាំងផងដែរ។

តែយ៉ាងណា​ ឌីជេVini បានលើកឡើងថា បញ្ហាទាំងនេះក៏បានក្លាយទៅជាទម្លាប់ និងស្ទើរតែឆ្លងកាត់វារាល់ថ្ងៃ ព្រោះនាងក៏បានប្រឡូក​ក្នុងអាជីពមួយនេះជាច្រើនឆ្នាំមកហើយ។ ទោះបីជាត្រូវប្រឈមមុខខ្លាំង ទៅលើរឿងរ៉ាវទាំងអស់នេះក៏ពិតមែន តែឌីជេ Vini បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ទើបធ្វើឲ្យនាងមានកេរ្តិ៍ឈ្មោះ និងភាពជោគជ័យដូចបច្ចុប្បន្ន។

ងាកទៅជីវិតស្នេហាវិញ ឌីជេ Vini គឺនាងនៅមិនទាន់គិតគូរនៅឡើយនោះទេ ដោយនាងចង់ផ្តោតសំខាន់ខ្លាំងលើអាជីពជាឌីជេ និងពង្រឹងអាជីពរបស់ខ្លួនឲ្យ កាន់តែទទួលបានជោគជ័យខ្លាំងទៅមុខទៀត ណាមួយនាងមិនចង់ទាន់ចង់គិតគូររឿងស្នេហា ហើយក៏មិនទាន់គិតថា មនុស្សប្រុសប្រភេទណានោះដែរ ដែលនាងជ្រើសរើសជាគូអនាគត៕