(ភ្នំពេញ)៖ ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី ទាំង U18 និង U16 បានបន្ដហ្វឹកហាត់ធម្មតា ផ្ទុយពីក្លិបផ្សេងៗ ដែលបានផ្អាកការប្រមូលផ្ដុំបណ្ដោះអាសន្ន ដោយសារបារម្ភពីបញ្ញាជំងឺផ្លូវដង្ហើម Covid-19 ។

បើតាមការបញ្ជាក់របស់លោក សាប៊ូន វិនតា គ្រូជំនួយក្រុម U18 បាទី បានឲ្យដឹងថា ការបន្ដប្រមូលផ្ដុំ ដោយគ្មានសម្រាកនេះ ក៏ដោយសារមានការជឿជាក់ពីថ្នាក់ដឹកនាំសហព័ន្ធ និងមានការគាំទ្រពីអាណាព្យាបាលកីឡាករ ដ្បិតទីលានសាលាបាល់ទាត់ជាតិបាទី នៅដាច់ឆ្ងាយពីទីប្រជុំជន មិនសូវរងឥទ្ធិពលពីជំងឺដ៏កាចសាហាវខាងលើឡើយ ។

គ្រូជំនួយសក្រុមជម្រើសជាតិយុវជនដដែលបន្ដថា យ៉ាងណាមិញ ដើម្បីបង្ការ និងទប់ស្កាត់បញ្ហាជំងឺ Covid-19 មជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី បានយកចិត្តទុកដាក់ជានិច្ច ចំពោះបញ្ហារស់នៅ និងអនាម័យរបស់កីឡាករ សូម្បីការហូបចុក ក្នុងន័យផ្ដល់នូវសុវត្ថិភាពជូនពួកគេ ពិសេសគឺគោរពតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ។

គួរបញ្ជាក់ថា ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី U18 គឺជាបេក្ខភាពសមាជិកក្របខណ្ឌលីគកំពូលកម្ពុជាមួយ ដែលផ្ទុយពីក្រុមមានមូលដ្ឋាននៅខេត្តតាកែវនេះ ក្លិបផ្សេងៗ គឺបានសម្រាកការប្រមូលផ្ដុំអស់ហើយ នៅសល់តែសកម្មភាពហ្វឹកហាត់តិចតួច ឬហ្វឹកហាត់នៅផ្ទះរៀងៗខ្លួនប៉ុណ្ណោះ ដើម្បីត្រៀមស្វាគមន៍ការត្រឡប់មកវិញ នៃលីគកំពូលកម្ពុជា ក្រោយជំងឺ Covid-19 ស្ងប់ស្ងាត់៕