(ភ្នំពេញ)៖ ខណៈដែលអ្នកសិល្បៈគ្រប់រូបបាននាំគ្នាយ៉ាងសស្រាក់សស្រាំ ចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីជួយទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ស្រមតាមការអំពាវនាវរបស់ថ្នាក់ដឹកនាំប្រទេស។ ចំណែកឯតារាចម្រៀង ឆាយ វីរៈយុទ្ធ និងភរិយា ឯណេះវិញ លោកបែរជាចូលរួមឧបត្ថម្ភជាអង្ករចំនួន៦តោន ដើម្បីចែកជូនដល់សិល្បករ-សិល្បការិនីចាស់ជរា ក្នុងរដូវកាលជំងឺកូវីដរាតត្បាត និងចែកជូនដល់អ្នកក្រីក្រ តាមរយៈសមាគមសិល្បករខ្មែរ ជាអ្នកចាត់ចែង។

យោង​តាម​គណនី​ហ្វេសប៊ុក​ លោក ហេង ឡុង បានបញ្ជាក់ថា នៅ​គ្រា​ដែល​មេរោគ​កូវីដ-១៩ ឆ្លង​រាតត្បាត​ជា​សកល ​ប្រទេសកម្ពុជា​ក៏​រង​ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ខ្លះ​ដែរ ជា​ពិសេស​ទៅ​លើ​ចំណូល​ពី​វិស័យ​សិល្បៈ ព្រោះ​កម្មវិធី​ប្រគំតន្ត្រី និង​ពិធី​ជួបជុំ​ធំ​ៗ​ត្រូវ​បាន​ផ្អាក។ ដោយ​មើល​ឃើញ​ពី​បញ្ហា​នេះ តារា​ចម្រៀង​ល្បី​ឈ្មោះ​ម្នាក់​​គឺលោក ឆាយ វីរៈយុទ្ធ និង​គ្រួសារ​​ ដែល​ជា​ម្ចាស់​រោងម៉ាស៊ីន​កិនស្រូវ​ «ហាក់ សែ» បាន​ឧបត្ថម្ភ​អង្ករ​ម៉ាក​ «ស្ដេច​អង្ករ» ចំនួន​៦​តោន ដើម្បី​ឲ្យ​សមាគម​សិល្បៈ​ចាត់ចែង។​

លោក ហេង ឡុង បានបន្តថា អង្ករ​ទាំង​៦​តោននេះ នឹង​ត្រូវ​ចាត់ចែង​ដល់​អ្នក​សិល្បៈ​ចាស់ជរា ឬ​មាន​ជីវភាព​ខ្វះខាត​ចំនួន​៣​តោន និង​ចែក​ជូន​ពលរដ្ឋ​ខ្វះខាត​ចំនួន​៣​តោន ក្នុង​គ្រា​ដែល​មេរោគ​កូវីដ-១៩ រាតត្បាត មិន​មាន​ចំណូល​គ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់គ្រួសារ។

សូមបញ្ជាក់ថា ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មី ចំនួន០២នាក់បន្ថែមទៀត ធ្វើឲ្យអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា បានឡើងដល់៩៨នាក់ហើយ គិតត្រឹមយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ ខណៈដែលថ្ងៃនេះ មានអ្នកជំងឺដែលត្រូវបានព្យាបាលជាសះស្បើយ ពីជំងឺកូវីដ១៩ ចំនួន០១នាក់ទៀតផងដែរ៕