(ភ្នំពេញ)៖ តារាចម្រៀង ដែលកំពុងតែអង្រួនបេះដូងទស្សនិកជន តាមរយៈការបកស្រាយបទចម្រៀងពិរោះៗជាច្រើនបទ គឺលោក ចាន់ មករា ត្រូវបាន​អ្នកតាមដានសិល្បៈសង្កេតឃើញថា ហាក់មានប្រជាប្រិយភាពខ្លាំង ក្រោយបង្ហើរសំនៀងក្នុងបទ «ចាបយំល្វើយ», បទ «ព្រះឥន្ទទាត់សី» និងបទ «កូវីដ១៩ អង្រួនពិភពលោក»។ យ៉ាងណាមិញ ងាកមកប្រវត្តិជីវិតរបស់តារាដួងនេះ មានភាពលំបាក តស៊ូ ពុះពារឧបសគ្គយ៉ាងណានោះ, លោកនឹងមកបកស្រាយ​ឲ្យទស្សនិកជនបានជ្រាបកាន់តែច្បាស់ តាមរយៈចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។

ជាការកត់សម្គាល់ មួយរយៈចុងក្រោយមកនេះ លោកចាន់ មករា ហាក់រីកមុខរីកមាត់ដូចគ្រាប់ជី ក្រោយពីមហាជនជក់ចិត្តខ្លាំង ជាមួយនឹងសំនៀងដ៏ពិរោះ​ មានទឹកដមរបស់លោក។ កាន់តែពិសេស គឺត្រូវបានបងប្អូនខ្មែរ នៅក្រៅប្រទេសអញ្ជើញទៅសម្តែងច្រៀងផងដែរ ពោលកាលពីមួយរយៈមុន លោកបានហោះទៅសម្តែងនៅប្រទេសបារាំង ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងនៅទីនោះ។

មិនតែប៉ុណ្ណោះ ថ្មីៗនេះ រាសីរបស់លោកចាន់ មករា ហាក់ឡើងខ្ពស់តែម្តង ដោយទទួលបានការពេញចិត្តពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សំណូមពរឲ្យលោកបកស្រាយបទ «ព្រះឥន្ទទាន់សី» ក្នុងទិវាវប្បធម៌៣មីនា និងបានអង្រួនបេះដូងសម្តេចតេជោ ហ៊ុន សែន ឱ្យរំជើបរំជួល រហូតយកបាច់ផ្កាជូនលោក ចាន់ មករា ដែលកំពុងច្រៀងនៅលើឆាកតែម្តង។

ទាំងនេះកាន់តែធ្វើឲ្យលោកចាន់ មករា មានប្រជាប្រិភាពខ្លាំង ក្នុងជីវិតសិល្បៈរបស់លោក។ ផ្ទុយទៅវិញ នៅពីក្រោយភាពជោគជ័យក្នុងការងារសិល្បៈ តើលោកចាន់ មករា មានប្រវត្តិជីវិតលំបាក ហែលឆ្លងឧបសគ្គអ្វីខ្លះ? ពិតណាស់ជីវិតមនុស្សម្នាក់ៗ ទំរាំទទួលបានជោគជ័យ គឺពិតជាមានភាពលំបាកជាច្រើនដែលបានឆ្លងកាត់។ ជាក់ស្តែង ដូចលោកចាន់ មករា ក៏មានការហែលឆ្លងឧបសគ្គមិនតិចនោះដែរ។

ដូច្នេះរាល់អាថ៌កំបាំងជីវិត ការពុះពារឧបសគ្គរបស់លោកចាន់ មករា យ៉ាងណានោះ លោកនឹងបកស្រាយ តាមរយៈការចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ កម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» នឹងធ្វើការផ្សាយផ្ទាល់ពីទូរទស្សន៍ Fresh News និង KhmerTalking នៅថ្ងៃសៅរ៍ទី២៨ ខែមីនា ឆ្នាំ២០២០ ចាប់ពីវេលាម៉ោង ៧៖០០ ដល់ម៉ោង ៨៖០០ យប់ ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យទី២៩ ខែមីនា ឆ្នាំ២០២០ នៅវេលាម៉ោងដដែល៕

(កម្មវិធី ​«អាថ៌កំបាំង​ក្រៅឆាក​របស់​តារា» ឧបត្ថម្ភ​ធំ​ដោយ សិប្បកម្ម រ៉ារី)