ពិធីការិនី យុគ ចិន្តា បន្តនៅដាច់ដោយឡែកពីគេ ១៤ថ្ងៃ ក្រោយត្រឡប់មកពីកាណាដា!
24-03-2020 14:43
(ភ្នំពេញ)៖ ក្រោយពីបញ្ចប់ការសម្ដែង នៅលើទឹកដីកាណាដា ពិធីការិនីល្បីឈ្មោះ អ្នកនាង យុគ ចិន្តា បានវិលត្រឡប់មកស្រុកកំណើតហើយ ប៉ុន្តែនាងត្រូវបន្តនៅដាច់ដោយឡែក ពីអ្នកដទៃ ក៏ដូចជាក្រុមគ្រួសាររយៈពេល១៤ថ្ងៃ រង់ចាំតាមដានសុខភាព ដើម្បីឲ្យប្រាកដថា ខ្លួននាងមិនមានផ្ទុកវីរុស កូវីដ ១៩ ខណៈដែលវីរុសដ៏កាចសាហាវមួយនេះ កំពុងរាតត្បាតទូទាំងសកលលោក។
ជាការពិត ពិភពលោក រួមទាំងកម្ពុជា កំពុងយកចិត្តទុកដាក់ ក៏ដូចជាចូលរួមទប់ស្កាត់ ការរីករាលដាលនៃការឆ្លងវីរុស កូវីដ ១៩ ដូច្នេះគឺតម្រូវឲ្យពលរដ្ឋ ពិសេសអ្នកទើបត្រឡប់មកពីបរទេស ត្រូវបន្តដាក់ឲ្យខ្លួនឯងឲ្យនៅដាច់ដោយឡែក ពីអ្នកដទៃរយៈពេល១៤ថ្ងៃសិន ស្របពេលដែលវីរុសដ៏កាចសាហាវ កូវីដ១៩ កំពុងរាតត្បាតទូទាំងសកលលោក។ ក្នុងនោះ ពិធីការិនី អ្នកនាង យុគ ចិន្តា ក៏បានអនុវត្ត ដោយសុខចិត្តនៅដាច់ពីក្រុមគ្រួសារ រយៈពេល១៤ថ្ងៃសិន។
យ៉ាងណាមិញ កាលពីម្សិលមិញនេះ គឺជាថ្ងៃខួបកំណើតរបស់ អ្នកនាង យុគ ចិន្តា ប៉ុន្តែនាងមិនបានរៀបចំកម្មវិធីដូចរាល់ឆ្នាំនោះទេ ព្រោះតែត្រូវតាមដានពីសុខភាពរបស់ខ្លួន ១៤ថ្ងៃ ក្រោយពីនាង ទើបត្រឡប់មកពីធ្វើការសម្ដែង នៅប្រទេសកាណាដា ស្របពេលវីរុសកូវីដ១៩ កំពុងរាតត្បាត។ ទោះបីជាមិនមានការជួបជុំ ធ្វើកម្មវិធីខួបកំណើត និងមិនទទួលបានការ Suprise ពីក្រុមគ្រួសារ និងមិត្តភិក្តដោយផ្ទាល់ក្ដី តែអ្នកនាង យុគ ចិន្តា បានទទួលការជូនពរជាច្រើន៕