(ភ្នំពេញ)៖ តារាស្រីពន្លកថ្មី ដែលតែងតែលេចវត្តមានក្នុង MV ចម្រៀងកញ្ញា ឃុន ចាន់ម៉ូណា ហាក់កំពុងមានប្រជាប្រិយភាព មានការចាប់អារម្មណ៍ច្រើនពីសំណាក់ផលិតករ និងអ្នកដឹកនាំកម្មវិធីសិល្បៈនានា។ ទន្ទឹមនឹងការងារសិល្បៈហាក់មានសន្ទុះខ្លាំង តារាស្រីរូបនេះបានបង្ហើបនូវចំណុចក៏គួរឲ្យចាប់អារម្មណ៍ពីរយ៉ាង តាមរយៈចូលរួមជាតារាកិត្តិយស ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា»។ តើចំណុចទាំងនោះមានអ្វីខ្លះ?

ចំពោះចំណុចទី១ដែលបាន ឆ្លើយតបនឹងការសាកសួររបស់ពិធីការិនី ឈុន ចាន់ម៉ូណា បានឲ្យដឹងថា មានផលិតករទាក់ទងសុំស្រឡាញ់នាង ដើម្បីជាថ្នូរនឹងការសម្តែងភាពយន្ត។ ទោះយ៉ាងណា នាងបានបដិសេធ ដែលជាហេតុធ្វើឲ្យនាងខកខានមិនបានសម្តែងមួយរឿង ដែលធ្វើឲ្យនាងមានការព្រួយបារម្ភចំពោះទីផ្សារសិល្បៈរបស់នាងជាខ្លាំង។ តែយ៉ាងណាក្រោយរំលងបានមួយរឿងមកទើបផលិតកររូបនោះបានហៅនាងសំដែងឡើងវីញ។

ងាកមកចំណុចទី២ កញ្ញា ឃុន ចាន់ម៉ូណា ក្រៅពីការងារសិល្បៈនោះ កញ្ញា ឃុន ចាន់ម៉ូណា បានឲ្យដឹងថា បច្ចុប្បន្ននាងមានគូកំណាន់ចិត្តរួចហើយ កំពុងស្ថិតក្នុងដំណាក់កាលសិក្សាពីគ្នាទៅវិញទៅមក មិនទាន់គិតគូរឿងរៀបការនោះទេ។ នាងបន្ថែមថា ព្រោះតែចង់ឲ្យការងារសិល្បៈជោគជ័យជាងនេះសិន ណាមួយចង់មានមុខរបរផ្ទាល់ខ្លួនផ្សេងក្រៅពីសិល្បៈ។

និយាយដល់ចំណុចនេះ កញ្ញា ឃុន ចាន់ម៉ូណា បង្ហើបថា មិត្តប្រុសរបស់នាងគឺជាអ្នកសិល្បៈដូចគ្នា ប៉ុន្តែនាងមិនបានប្រាប់ច្បាស់ឡើយថាបុរសអ្នកសិល្បៈនោះ គឺជាតារាចម្រៀង តារាចម្រៀង តារាបង្ហាញម៉ូត ឬពិធីករ។ នាងថា ការមិនបង្ហើបឲ្យអស់នេះ ព្រោះចង់ឲ្យទស្សនិកជនទាយ។ យ៉ាងណាមិញ តារាស្រីរូបនេះ បាននិយាយក្នុងន័យលេងសើចថា «អ្នកមានស្នេហាដែលជាអ្នកសិល្បៈដូចគ្នា គេមិនហៅថត»។ ចំណុចនេះនាងមិនបានលំអិតយ៉ាងណាឡើយ។

គួរជម្រាបថា តារាម៉ូដែល និងជាតារាសម្តែងស្រីកញ្ញា គង់ ចាន់ម៉ូណា គឺជាតារាស្រីមួយរូប ដែលលេចមុខសម្តែងស្ទើរគ្រប់ MV ចម្រៀងរបស់លោក ហង្ស សុវណ្ណារិទ្ធ និងមានភាពស្និតស្នាលនឹងគ្នាផងដែរ ដែលធ្វើឲ្យទស្សនិកជនដាក់ការសង្ស័យថា អ្នកទាំងពីរមានទំនាក់ទំនងពិសេសនឹងគ្នា តែយ៉ាងណា ឃុន ចាន់ម៉ូណា មិនបានបញ្ជាក់រឿងនេះឡើយ។ ងាកមកជិវិតក្រៅសិល្បៈ តារាស្រីរូបនេះ បានថ្លែងក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» ថា មានបំណងចង់បើកហាងសាឡន និងបើកភោជនីដ្ឋានផ្ទាល់ខ្លួន បន្ថែមពីការងារសិល្បៈ៕

(កម្មវិធី ​«អាថ៌កំបាំង​ក្រៅឆាក​របស់​តារា» ឧបត្ថម្ភ​ធំ​ដោយ សិប្បកម្ម រ៉ារី)