(ភ្នំពេញ)៖ ជាគម្រោងកាលពីថ្ងៃទី២៣ កុម្ភៈ ឆ្នាំ២០២០ ក្រុមតារាចម្រៀងក្មេងៗប្រមាណជាង៤០រូប របស់លាសាស្រណោះតន្ត្រី ត្រូវចេញទៅប្រកួតប្រជែងផ្នែកតន្ត្រីលើជំនាញឧបករណ៍វីយូឡុង ហ្គីតា ព្យាណូ និង ចម្រៀង នៅក្នុងប្រទេសម៉ាឡេស៊ីឯណោះទេ ប៉ុន្តែដោយសារតែការផ្ទុះឡើងនៃជម្ងឺកូរ៉ូណា បានធ្វើអោយលោក សូ ស្រណោះ ដែលជាគ្រូបង្វឹក និង អាណាព្យាបាលសិស្សសម្រេចលុបចោល មិនចូលរួមប្រកួត។ យ៉ាងណាមិញសិល្បករក្មេងៗ ដែលសុទ្ធសឹងតែជាអ្នកជំនាញផ្នែកតន្ត្រី និង ចម្រៀង តំណាងអោយកម្ពុជាលើឆាកអន្តរជាតិទាំងនោះ នៅតែលេចធ្លោ បន្ទាប់ពីពួកគេត្រូវបានបង្វែរកម្មវិធីពីការចេញប្រកួតដណ្ដើមពាននៅក្រៅប្រទេស មកជាការសម្ដែងបញ្ចេញសមត្ថភាព នៅក្នុងសណ្ឋាគារសាន់វេ អមដោយអាហារសាមគ្គី ដោយមានអ្នកទស្សនាមកពីស្ថាប័ននានាប្រមាណជាង២០០នាក់។

លោក សូ ស្រណោះ និយាយថា ដោយសារតែលោក និងអាណាព្យាបាលសិស្ស សុទ្ធតែមុនចង់ប្រថុយប្រថាននឹងការផ្ទុះឡើងនៃជម្ងឺកូរ៉ូណា ដែលកំពុងវាយលុក និង ចង់លើកទឹកចិត្តអោយកូនសិស្សទាំង៤២នាក់ ដែលខំប្រឹងហ្វឹកហាត់ចម្រៀង និង តន្ត្រីរហូតដល់៥ខែ តែបែរជាមិនបានចេញទៅដណ្ដើមពាននោះ ទើបលោករៀបចំជាការសម្ដែងទ្រង់ទ្រាយធំនៅក្នុងស្រុកវិញ ដើម្បីបង្ហាញថាបេក្ខភាពរបស់កម្ពុជាទាំង៤២រូបដ្បិតថាមិនបានចេញប្រកួត តែក៏មានសមត្ថភាពខ្លាំងៗតាមជំនាញរៀងខ្លួន ក្រោយការបង្វឹកផងដែរ។

លោកថាក្មេងៗដែលមានឈ្មោះត្រូវទៅប្រកួត នៅក្នុងប្រទេសម៉ាឡេស៊ី តែខកខានទាំងនោះ សុទ្ធសឹងតែបានឆ្លងកាត់ការបង្ហាត់បង្រៀនជាច្រើនឆ្នាំនៅក្នុងសាលាស្រណោះតន្ត្រី និងត្រូវបានប្រលងជ្រើសរើសដោយគណកម្មការជំនាញ ទើបលោកក៏សម្ដែងអារម្មណ៍សោកស្ដាយដូចគ្នា ដែលបេក្ខភាពទាំងនោះ ខកខានក្នុងការប្រកួតយកពានអន្តរជាតិ។ លោកបានទាំងបង្ហាញក្ដីសង្ឃឹមថា ប្រសិនបើបេក្ខភាពទាំងនេះ មានឱកាសចេញទៅម៉ាឡេ គឺនឹងឈ្នះពានមាស និង ពានផ្សេងៗមកកាន់កម្ពុជាវិញ មិនតិចជាងពាក់កណ្ដាលនោះផង ដោយសារតែពេលកន្លងមក លោកធ្លាប់បានដឹកនាំក្មេងៗទាំងនេះ ទៅប្រលងចម្រៀង និងតន្ត្រី លើឆាកអន្តរជាតិ គឺឈ្នះបានពានមាសជារឿយៗ។

ងាកមកការសម្ដែងជាជំនួស នៅក្នុងស្រុកនេះវិញ លោក សូ ស្រណោះ បញ្ជាក់ថា លោកពិតជាមានមោទនភាពដែលក្មេងៗទាំងនោះបង្ហាញសមត្ថភាពបានល្អ ខណៈដែលភ្ញៀវកិត្តិយស ដែលបានចូលរួម ជាពិសេសគឺអាណាព្យាបាល ដែលឃើញការបង្ហាញទេពកោសល្យរបស់កូនខ្លួនបានល្អ គឺសប្បាយចិត្ត បើទមិនមែនជាការបង្ហាញសមត្ថភាពលើឆាកអន្តរជាតិ។ លោកថាឆ្នាំក្រោយ បេក្ខភាពទាំងនេះ នឹងនៅតែត្រៀមទៅប្រកួតដណ្ដើមពាននៅក្រៅប្រទេសដដែល ដើម្បីបង្ហាញថាវិស័យតន្ត្រី និងចម្រៀងរបស់កម្ពុជា មានការរីកចំរើន៕