(ភ្នំពេញ)៖ ក្រុមបឹងកេត បានធ្វើឲ្យអ្នកគាំទ្រពេញចិត្តជាខ្លាំង ក្រោយយកឈ្នះក្រុមវិសាខា ១-០ ក្នុងសប្ដាហ៍ទី២ នៃលីគកំពូលកម្ពុជា។ ជាមួយលទ្ធផលនេះ លោក Colum Curtis គ្រូបង្វឹកវិសាខា មិនបានបន្ទោសកូនក្រុមនោះទេ គ្រាន់តែលោកថា ខ្វះសំណាង ផ្ទុយពីលោក Apisit Im-Amphai គ្រូបង្វឹកក្រុមនាគខៀវ ដែលបានសរសើរកូនក្រុម បន្ទាប់ពីពួកគេធ្វើបានល្អជាងកាលពីប្រកួតបើកឆាកជាមួយអង្គរថាយហ្គឺរ។

លោក Colum Curtis បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយចប់ការប្រកួតដ៏តានតឹង កាលពីថ្ងៃសៅរ៍ថា លោកសោកស្ដាយ ចំពោះលទ្ធផលនេះ ព្រោះកូនក្រុមខ្លួនធ្វើបានល្អ និងខំប្រឹងអស់ពីលទ្ធភាពហើយ ដោយបានបង្កើកតឱកាសជាច្រើនលើក តែខ្វះសំណាង មិនអាចបញ្ចប់ទីបានសម្រេច ។ ដូច្នេះមានតែការខំប្រឹង និងកែតម្រូវបន្ថែមទៀត ដើម្បីស្វែងរកលទ្ធផលល្អនាប្រកួតក្រោយៗ។

ចំណែកលោក Apisit Im-Amphai ក្រៅពីដឹកនាំក្រុមដណ្ដើមបាន ៣ពិន្ទុពេញពីក្រុមខ្លាំងវិសាខា លោកបានសរសើរកូនក្រុម ដែលបានរក្សាកម្លាំងពេញលេញ និងសហការគ្នាយ៉ាងល្អ ពិសេសកីឡាករខ្មែរ ដែលធ្វើឲ្យការប្រកួតនេះទទួលបានលទ្ធផលល្អ។ បើប្រៀបធៀបជាមួយការប្រកួតសប្ដាហ៍ទី១ ជាមួយអង្គរថាយហ្គឺរ លោកថា ការប្រកួតជាមួយវិសាខា កូនក្រុមធ្វើបានល្អ ហើយលោករំពឹងពួកគេនឹងខំប្រឹងបន្ដទៀត។

គួរដឹងថា ការប្រកួតដ៏ធំប្រចាំសប្ដាហ៍ទី២ នេះ បានទាក់ទាញអ្នកគាំទ្រចូលរួមទស្សនាផ្ទាល់ច្រើនជាងគេប្រមាណ ២,៥០០នាក់ ។ ចំពោះក្រុមបឹងកេត ក្រោយទទួលបានជ័យជម្នះ ពួកគេបានរំកិលមកឈរលេខ៥ បណ្ដោះអាសន្ន ដោយមាន ៤ពិន្ទុ ខណៈវិសាខា បានធ្លាក់ទៅឈរលេខ៧ និងមាន ៣ពិន្ទុ ក្រោយឆ្លងកាត់ ២ប្រកួតឈ្នះ១ និងចាញ់១៕