(ភ្នំពេញ)៖ តារាចម្រៀងរាងតូច្រឡឹង ចង្កេះអង្ក្រង និងចូលចិត្តនិយមថតរូប លេងស្ទីលខ្មួតៗ កញ្ញា យូរី បានចេញមុខបកស្រាយពីទំនាក់ទំនងរបស់ខ្លួន ជាមួយនឹងថៅកែភោជនីយដ្ឋាន ហេបភី ផាលេស តន្រ្តី និងខេធីវី ដែលល្បីនៅម្តុំភ្នំពេញថ្មីនោះ ថាគ្រាន់តែជា អ្នករាប់អានគ្នា ប្រៀបបាននឹងបងប្រុសបង្កើត។ ការបកស្រាយពេលនេះ គឺបន្ទាប់ពីថ្មីៗនេះ មានសារព័ត៌មានមួយចំនួនចុះផ្សាយថា តារាស្រីរូបនេះកំពុងបង្កាត់ភ្លើងស្នេហ៍ជាមួយថៅកែហាងខាងលើ ដោយសារតែឃើញបណ្តើរគ្នាចូលរួមកម្មវិធីផ្សេងៗ ដូចលលកញីឈ្មោល។

តាមរយៈបទសម្ភាសន៍ជាមួយ Fresh News និង KhmerTalking តារាចម្រៀងស្រីម្ចាស់បទ «ស្នេហ៍ប្រុសចាស់» កញ្ញា យូរី បាននិយាយថា «ខ្ញុំមិនមានអ្វីត្រូវលាក់បាំងទេ ប្រសិនបើខ្ញុំមានគូកំណាន់ចិត្ត ឬប្តី មានអីត្រូវលាក់បាំងសោះ ព្រោះអីវាជារឿងធម្មជាតិ ណាមួយពេលយើងមានចឹងទៅ គេក៏ជួយអបអរយើងដែរ...។ អត់មានអីត្រូវលាក់ទស្សនិកជនទេ ប៉ុន្តែនេះពួកខ្ញុំរាប់អានគ្នាធម្មតា...បងនី (ថៅកែហាង) គាត់ចរិកល្អ និស្ស័យល្អ ចឹងទៅខ្ញុំឧស្សាហ៍ដើរទៅណាមកណាជាមួយគាត់ មានការងារអីត្រូវពិភាក្សា គាត់ ជាមនុស្សម្នាក់ដែលខ្ញុំអាចពិភាក្សាបានគ្រប់ពេល....»

កញ្ញា យូរី បានសំណូមពរទៅសារព័ត៌មាន ដែលបានចុះផ្សាយទាំងមិនទាន់បានសុំសម្ភាសន៍ពីនាងយ៉ាងដូច្នេះថា «សូមបងៗសារព័ត៌មានទាំងអស់ឈប់យល់ច្រឡំទៅ... ពេល​បងៗសារព័ត៌មានចង់ដឹងអីពីយូរី អាចខលសម្ភាសន៍បាន ព្រោះអីខ្ញុំអត់កំណាញ់ក្នុងការផ្តល់បទសម្ភាសន៍ទេ...»

ដោយឡែកងាកមកម្ចាស់ភោជនីយដ្ឋាន ហេបភី ផាលេស វិញ ក៏បានប្រាប់ Fresh News ដែរថា លោកមិនមានទំនាក់ទំនងអ្វីជាមួយកញ្ញា យូរី ទេ ព្រោះតែកន្លងទៅ យូរី ធ្លាប់មកធ្វើកម្មវិធីខួបកំណើតនៅហាងរបស់លោក ដែលមានមហាជនស្គាល់ច្រើន ដូច្នេះខាងព័ត៌មានក៏ចេះតែយកទៅផ្សាយ។ ដោយភ្ជាប់ជាមួយរូបលោក និង យូរី នៅហាងកាហ្វេពីរនាក់ជាដើម តាមពិតការជួបគ្នានេះ គឺដើម្បីពិភាក្សារឿងជំនួញរៀងៗខ្លួន ព្រោះថាកញ្ញា យូរី បង្កើតសាសាជំនាញកែសម្ភស្ស ដែលមានគ្រូមកពីកូរ៉េ និងមាននាំចូលផលិតផលសម្រស់ពីកូរ៉េ ដូច្នេះត្រូវពិភាក្សាជាមួយគ្នា ដើម្បីរកទីផ្សារ។ ដោយឡែកចំពោះទំនាក់ទំនងលើសពីនេះ គឺមិនមានទេ។

គួរជម្រាបថា ក្រៅពីការងារសិល្បៈ ដែលកំពុងមានទីផ្សារខ្លាំង រកពេលទំនេរគ្មាន ត្រូវចុះទៅច្រៀងតាមខេត្តសឹងរាល់ថ្ងៃហើយនោះ កញ្ញា យូរី បានបន្ថែមរបរផ្ទាល់ខ្លួនជាច្រើនទៀត ក្នុងនោះនាងបានបង្ហើបថា ទើបតែបើកសាលាបណ្តុះបណ្តាល់វិជ្ជាជីវះ ផ្នែកកែសម្ភស្ស មួយកន្លែងនៅម្តុំច្រមុះជ្រូកស្ទឹងមានជ័យ ឈ្មោះថា «A Plus» ហើយនឹងរៀបចំ នាំចូលផលិតផលថែមសម្រស់ពីប្រទេសកូរ៉េមកចែកចាយនៅកម្ពុជាផងដែរ៕