(ភ្នំពេញ)៖​​ ថ្មីៗនេះប្រជាជនខ្មែរមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញភាពយន្តថៃរឿង «អសូរភីត» ដែលកំពុងចាក់បញ្ចាំងក្នុងទូរទស្សន៍ថៃ One31 មានបញ្ចូលរូបភាពចម្លាក់ប្រាសាទរបស់ខ្មែរ និងមានឆាយាល័ក្ខណ៍ សម្តេចរាជបុត្រីព្រះរៀម នរោត្តមបុប្ផាទេវី។ ទន្ទឹមគ្នានេះ ផេកវប្បធម៌ខ្មែរ ដែលតាំងនាមឲ្យប្រជាជនខ្មែរ ទាមទារឲ្យផលិតករថៃចេញមុខបកស្រាយ ដើម្បីស្រាយចម្ងល់ប្រជាជនខ្មែរ រឿងយកចម្លាក់ប្រាសាទរបស់ខ្មែរ និងឆាយាល័ក្ខណ៍ សម្ដេចរាជបុត្រីព្រះរៀម នរោត្តមបុប្ផាទេវី បញ្ចូលក្នុភាពយន្ត «អសូរភីត»។

យោងតាមផេក វប្បធម៌ខ្មែរ Khmer culture បានបង្ហោះរូបភាពមួយចំនួនក្នុងវីដេអូភាពយន្តខាងលើ ជាមួយសំណេរថា «យើងខ្ញុំជំនួសមុខឲ្យប្រជាជនកម្ពុជាទូទាំងប្រទេស! សូមទាមទារឱ្យថៅកែចាងហ្វាង ដែលបានផលិតខ្សែភាពយន្តរឿង អសូរភីត ឬ [ อสรพิษ Asoraphit ] បកស្រាយឲ្យច្បាស់ពីការប្រើប្រាសរចនាបទខ្មែរ ចម្លាក់នៃប្រាសាទអង្គរវត្ត ប្រាង្គប្រាសាទរបស់ខ្មែរ នៅខេត្ត បច្ចឹមបុរី ជាពិសេសការប្រើប្រាស់ឆាយាល័ក្ខណ៍ នៃសម្ដេចរាជបុត្រីព្រះរៀម នរោត្តមបុប្ផាទេវី សម្តេចទេពនាដវដ្តីឯក ម្ចាស់ម៉ែជាទីសាការៈ ក្នុងខ្សែភាពយន្តមួយនេះ!»

ផេកដដែលបន្ថែមថា «យើងខ្ញុំត្រូវការ ការបកស្រាយឲ្យបានច្បាស់ពីការរំលោភសិទ្ធិ និងការធ្វើដូច្នេះ ពីចាងហ្វាងនិងអ្នកនិពន្ធរឿង អសូរភីត មួយនេះ!សូមអរគុណទុកជាមុន សម្រាប់ការបកស្រាយបញ្ជាក់ជូនដល់ប្រជាជនកម្ពុជា»

យ៉ាងណាមិញ តាមរយៈសំណេរនេះ អ្នកគាំទ្រវិស័យសិល្បៈខ្មែរ ជាពិសេសប្រជាជនខ្មែរ សង្ឃឹមថាខាងផលិតករថៃនេះមកបកស្រាយឆាប់ៗ ពាក់ព័ន្ធនឹងបញ្ហានេះផងដែរ៕