(ភ្នំពេញ)៖ ទូច ស្រីល័ក្ខ ត្រូវបានមហាជនដឹងថា នាងគឺជាតារាចម្រៀងស្រីមួយរូប ដែលទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជន។ ងាកមកជីវិតផ្ទាល់ខ្លួនវិញ តារាស្រីដួងនេះត្រូវបានមហាជនចាប់ និងសង្កេតឃើញថា បានបែកបាក់គ្នាជាមួយស្វាមីហើយ ព្រោះ ទូច ស្រីល័ក្ខ ធ្លាប់សារភាពថា ពេលនេះខ្លួនជាស្ត្រីមេម៉ាយ។ ជាមួយគ្នានេះដែរ ទូច ស្រីល័ក្ខ បានបង្ហើបថា នាងបានចំណាយពេលជាង២ឆ្នាំសិក្សាពីខ្លួនឯង ដោយខកខានមិនបានចូលកម្មវិធីសិល្បៈ ប៉ុន្តែពេលនេះនាងលែងទុកខ្លួនឯងឲ្យឯកាហើយ។

ការលើកឡើងបែបនេះ គឺបន្ទាប់ពីថ្មីៗនេះ ទូច ស្រីល័ក្ខ បានចូលរួមក្នុងកម្មវិធីខួបកំណើតរបស់លោក យ៉ែម សំអូន ហើយបង្ហោះរូបភាពជាមួយសិល្បករជាច្រើនសន្លឹក ដោយភ្លាប់ជាមួយសំណេរថា «រយៈពេលពីរឆ្នាំជាងមកនេះ គឺខ្ញុំមិនដែរចេញទៅជួបបងប្អូនក្នុងកម្មវិធីរបស់សិល្បៈណាទេ គឺខ្ញុំបានចំណាយពេលសិក្សារយល់ពីខ្លួនខ្ញុំ ថាតេីខ្ញុំ អាចទទួលស្តាប់ និងទទួលលឺពីសំនួររបស់មនុស្សជុំវិញខ្លួន សួរមកកាន់ខ្ញុំដែររឺអត់? អញ្ជឹងចាប់ពីនេះតទៅ ខ្ញុំនឹងបង្ហាញខ្លួនរបស់ខ្ញុំសារជាថ្មី ហេីយនឹងទទួលយកអ្វីដែលល្អៗ ហេីយនឹងបេីកចិត្តឲ្យបានច្រេីនហេីយបង្ហាញខ្លួនតាមរយៈកម្មវិធីផ្សេងៗ។ ខ្ញុំមិនទុកឲ្យខ្លួនខ្ញុំឯការទៀតទេ»

ពាក់ព័ន្ធនឹងសំណេរដ៏គួរឲ្យចាប់អារម្មណ៍ប៉ុន្មានឃ្លារនេះ អ្នកគាំទ្រយល់ថាប្រហែលជា ទូច ស្រីល័ក្ខ ទុកពេលសម្រាប់ខ្លួនឯងអោយបានច្រើន ក្រោយបែកបាក់ពីស្វាមីហើយ។ តែយ៉ាងណា បច្ចុប្បន្ននេះ ដល់ពេលវេលាដែលនាងងាកមកពង្រឹងការងារសិល្បៈឡើងវិញហើយ ខណៈទស្សនិកជននៅតែបន្តគាំទ្រតារាស្រីរូបនេះដដែល ជាពិសេសទោះខកខានចូលរួមកម្មវិធីសិល្បៈផ្សេងៗ តែទូច ស្រីល័ក្ខនៅតែមានប្រជាប្រិយភាពដដែល៕